ព័ត៌មានជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក នគរវត្ត ដែលបានធ្វើការចេញផ្សាយមួយម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ជាប្រធានាធិបតីអាមេរិកក្នុងតំណែងទី ១ ដែលមកកាន់កម្ពុជា។
គួរបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា លោក ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីក្នុងតំណែងទី១ ដែលអញ្ជើញមកកាន់ប្រទេសកម្ពុជា ខណៈដែលកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនោះលោកអូបាម៉ា នឹងត្រូវធ្វើជាសហប្រធានជាមួយសម្ដេចតេជោ ក្នុងកិច្ចប្រជុំកំពូលលើកទី ៤ រវាងអាស៊ាន និងអាមេរិក ស្របពេលដែលការថ្លែងបញ្ជាក់បែបនេះ របស់សម្ដេចតេជោបានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។

មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ ប្រហែលជាលើកដំបូង ដែលប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ក្នុងប្រវត្ដិសាស្ដ្រប្រទេស ដែលប្រធានាធិបតីកាន់អំណាច ។ កាលពីដំបូងឡើយ ភរិយា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចន កេណ្ឌឺឌី ធ្លាប់មក ហើយបន្ដមកទៀត នៅឆ្នាំ២០០៥ អតីតប្រធានាធិបតីសហ រដ្ឋអាមេរិក ប៊ីលគ្លីនតុន ក៏ធ្លាប់មកដែរ។ ពេលនេះប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងមកកាន់ប្រទេសកម្ពុជា ដែលនេះជាការជួបប្រជុំថ្នាក់ដឹកនាំអាស៊ាន-អាមេរិកលើកទី៤។
ទោះជាយ៉ាងណា សម្ដេចតេជោមិនបាន បញ្ជាក់អំពីជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកអូបាម៉ានោះទេ នៅក្នុងអំឡុងពេលដែលលោកមកកាន់ ប្រទេសកម្ពុជានោះ ។ គួរបញ្ជាក់ថា លោកអូបាម៉ា ប្រធា នាធិបតីសហរដ្ឋអាមេរិកនឹងដឹកនាំគណៈប្រតិភូមួយក្រុមមកចូលរួមកិច្ចប្រជុំ កំពូលអាស៊ានអាមេរិក និងកិច្ចប្រជុំអាស៊ីបូព៌ា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២៕
ដោយ ៖ រិទ្ធីកែសំរួលអត្ថបទពី ៖ nokorwatnews