បុរសវ័យចំណាស់ម្នាក់ បានចំណាយពេល ៦៥ឆ្នាំ ក្នុងការប្រើប្រាស់ឈើគូស ជាង ១លានដើម ដើម្បីបង្កើតនាវាចម្បាំងមួយក្រុមដែលមានចំនួន ជិត ៥០០គ្រឿង ។ លោកតា Philip Warren អាយុ ៨២ឆ្នាំ នៅ Dorset ភាគខាងត្បូងអង់គ្លេស បានចំណាយពេលស្ទើរមួយជីវិតរបស់ខ្លួន ចាប់ពីឆ្នាំ ១៩៤៥ ដើម្បីបង្កើតនាវាចម្បាំងចំនួន ៤៦៣គ្រឿង។ ជាងនេះ លោកតា Philip Warren ថែមទាំងបានបង្កើតយន្ដហោះចម្បាំង ដាក់នៅលើនាវាផ្ទុកយន្ដហោះប្រវែងជិតមួយម៉ែត្ររបស់ខ្លួនផងដែរ។
ទំព័រ Telegraph បានឱ្យដឹងថា នាវានិមួយៗក្នុងចំណោមស្នាដៃនេះ សុទ្ធសឹងតែត្រូវបានបង្កើតឡើងដោយដៃលោកតាផ្ទាល់ ដោយប្រើប្រាស់បន្ទាត់មួយដើម កាំបិតឡាម និងកន្ដ្រៃ។ នៅក្នុងចំណោម នាវាចម្បាំងរបស់លោកតា Philip Warren មាននាវាខ្លះ ត្រូវចំណាយពេលដល់ទៅ ១ឆ្នាំ ទើបរួចរាល់។ប្រភពខាងលើបានបន្ដថា លោកតារូបនេះ ចាប់ផ្ដើមចូលចិត្តបង្កើតនាវាគំរូបែបនេះ តាំងពីឆ្នាំ ១៩៤៨ ដែលកាលណោះ លោកមានអាយុ ១៧ឆ្នាំ បន្ទាប់បីបានទៅទស្សនារូបថតស្ដីអំពីនាវាចម្បាំងរបស់កងទ័ពជើងទឹក។ លោកតា Philip Warren បានប្រើប្រាស់ឈើគូសដើម្បីបង្កើតស្នាដៃនេះ ព្រោះថា វាងាយស្វែងរក ដោយលោកគ្រាន់តែបិតឱ្យត្រូវតាមទម្រង់របស់នាវា។
លោកតា Philip Warren ថ្លែងថា ៖ “ទាំងនេះ បានចាប់ផ្ដើមកាលពីខ្ញុំមានអាយុ ១៧ឆ្នាំ។ ខ្ញុំចង់បង្កើតនូវនាវាគំរូតូចៗ។ ឈើគូសកាលណោះងាយស្រួលរកណាស់ ដោយសារតែមានគេប្រើច្រើន ដូច្នេះខ្ញុំក៏សម្រេចចិត្តប្រើវា។ ពេលនោះ មិនទាន់មានឧបករណ៍ជំនួយ ហើយអ្វីទាំងអស់ ត្រូវធ្វើឡើងដោយដៃ” ។
មកដល់បច្ចុប្បន្ន លោកតា Philip Warren បាន “សាងសង់” ប្រភេទនាវាចម្បាំងរបស់អង់គ្លេស ចំនួន ២៥០គ្រឿង ក្នុងនោះមាន HMS Ark Royal, HMS Belfast និង HMS Sheffield ។ ក្រៅពីនេះ មាននាវាអាមេរិក ចំនួន ៦០គ្រឿង និងនាវានៃបណ្ដាប្រទេសផ្សេងៗ ចំនួន៥០គ្រឿង។ នាវាទាំងនេះ មានទំហំចាប់ពី ១ម៉ែត្រ ចុះក្រោម។
ជាមួយនឹងក្រុមនាវានេះ លោកតា Philip Warren អតីតអគ្គនាយក្រុមហ៊ុនសម្ភារៈការិយាល័យ នៅក្រុង Blanford Dorset បច្ចុប្បន្ន ក៏កំពុងដាក់តាំងបង្ហាញនាវារបស់ខ្លួនចំនួន ២១៧គ្រឿង នៅក្នុងសារមន្ទីរ Nothe Fort នៅតំបន់ Weymouth ។
លោកតា Philip Warren មានប្រសាសន៍ថា ៖ “បើទោះជាខ្ញុំស្រឡាញ់ការងារនេះយ៉ាងណា ប៉ុន្ដែខ្ញុំមិនធ្លាប់គិតថា ខ្លួនអាចបង្កើតបាននាវាចម្បាំងដល់ទៅ ៤៦៣គ្រឿង។ នាវាដែលខ្ញុំចូលចិត្តបំផុត គឺជានាវាមួយក្នុងចំណោមនាវាផ្ទុកយន្ដហោះធំៗ គឺ USS John F Kennedy និងនាវាចុងក្រោយបំផុត គឺ HMS Edinburgh” ។

នាវាមួយគ្រឿងក្នុងពេលថ្មីៗនេះ ត្រូវបានលោកតា Philip Warren បង្កើតឡើងដោយប្រើឈើគូសជិត ៥,០០០ដើម និងប្រអប់ឈើគូសចំនួន ២០០ប្រអប់។ លោកតាធ្លាប់បានជូននាវាចំនួន ប្រហែល ៦០គ្រឿង ទៅឱ្យមិត្តភ័ក្ដិរបស់គាត់ ដែលកំពុងធ្វើការនៅក្នុងជួរកងទ័ពជើងទឹក។ ក្រៅពីនេះលោកតាក៏ធ្លាប់កម្ទេចនាវាចោល ចំនួន ៤០គ្រឿងផងដែរ៕
ដោយ ៖ តារា ប្រភព ៖ Telegraph/K14