ហាងមួយដែលមានឈ្មោះថា Xperia Aquatech Store របស់ Sony នឹងបើកទ្វារទទួលភ្ញៀវ ចាប់ពីខែធ្នូខាងមុខ នៅក្រុង Dubai។ ចំនុចពិសេសរបស់ហាងនេះ គឺវាត្រូវបានដាក់នៅក្រោមទឹក មានជម្រៅ ៤ម៉ែត្រ។

Sony គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដំបូងគេ ដែលបានបញ្ចេញផលិតផលអាចទប់ទល់នឹងការជ្រាបទឹក ដោយចាប់ផ្ដើមពីស្មាតហ្វូន Xperia Z និង Tablet Z កាលពីដើមឆ្នាំ ២០១៣។ បណ្ដាផលិតផលលំដាប់ខ្ពស់ ថ្មីបំផុតរបស់ក្រុមហ៊ុននេះ គឺ Xperia Z3, Z3 Compact និង Z3 Tablet Compact ថែមទាំងមានបំពាក់បច្ចេកវិទ្យាការពារការជ្រាបទឹកទំនើបបំផុត (ទៅតាមស្ដង់ដា IP 68) ធៀបនឹងបណ្ដាផលិតផលរបស់គូប្រជែង។
មូលហេតុខាងលើនេះ បាននាំឱ្យ Sony សម្រេចចិត្ត បង្កើតហាងថ្មីមួយ នៅក្រោមសមុទ្រដំបូងគេ ដើម្បីដាក់លក់ស្មាតហ្វូន និងថេប្លេតរបស់ខ្លួន។

យោងតាមទំព័រ The National ក្រុមហ៊ុន Sony ទើបតែបានប្រកាសជាផ្លូវការថា ក្រុមហ៊ុននេះ នឹងមានហាងក្ករោមសមុទ្រមួយ នៅ Dudai នៃប្រទេសអារ៉ាប់រួម ហើយហាងនេះ មានឈ្មោះថា Xperia Aquatech Store ដែលនឹងបើកដំណើរការ ចាប់ពីថ្ងៃទី ៣ធ្នូខាងមុខ។ Xperia Aquatech Store នឹងអនុញ្ញាតឱ្យភ្ញៀវ រួមនិងអ្នកកាសែតមួយចំនួនដែល Sony បានជ្រើសរើស ចុះទស្សនា និងទិញផលិតផល នៅក្រោមទឹក ជម្រៅ ៤ម៉ែត្រ។
បច្ចុប្បន្ន ព័ត៌មានទាក់ទិននឹងហាងនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងច្រើននៅឡើយ ប៉ុន្ដែក្រុមអ្នកមុជទឹកអាជីព បានត្រៀមខ្លួនជាស្រេច ដើម្បីនាំផ្លូវភ្ញៀវមកទស្សនា។ ភ្ញៀវនឹងអាចឈរនៅក្រោមទឹក និងដកដង្ហើមធម្មតា។

លោក Ruediger Odenbach អគ្គនាយករងនៃក្រុមហ៊ុន Sony Mobile នៅតំបន់មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិក បានថ្លែងថា ៖ “យើងខ្ញុំបានបោះទៅមុខមួយជំហានដ៏វែង នៅពេលបង្កើតហាង Xperia Aquatech Store នៅក្រោមទឹកសមុទ្រដំបូងគេក្នុងលោក។ ប្រការនេះនឹងនាំមកនូវបទពិសោធដ៏អស្ចារ្យ និងពិបាកបំភ្លេច សម្រាប់អតិថិជន និងភ្ញៀវ ដែលមកទស្សនា”៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Phonearena/Androidheadline