ក្រុមអ្នកជំនាញអំពី UFO បានបង្ហើបឱ្យដឹងថា យានស្រាវជ្រាវភពអង្គារ Spirit Rover របស់ NASA ថតបានដុំថ្មមួយ នៅលើភពព្រះអង្ការ ដែលមានរូបរាងដូចមុខមាត់របស់ប្រធានាធិបតីអាមារិក លោក Barack Obama ។

/

ដុំថ្មខាងលើនេះ ត្រូវបានកាមេរ៉ា Pancam Everest ថតបាន នៅលើភ្នំ Husband ដែលស្ថិតក្នុងជួរភ្នំ Colombia នៅលើភពអង្ការ កាលពីថ្ងៃទី ១ ដល់ទី ៣ តុលា ឆ្នាំ ២០០៥។ នេះគឺជាខ្ពង់រាបមួយដែលមានកំពស់ប្រហែល ១០០ម៉ែត្រ ធៀបនឹងតំបន់វាលរាបនៅជុំវិញបឹង Gusev ។ តំបន់ខ្ពង់រាបនេះ មានដុំថ្មតូចធំ ជាច្រើន ដែលកើតឡើងដោយសារខ្សល់បក់។

Scott Waring ដែលជាអ្នកជំនាញខាង UFO បានសរសេរនៅលើទំព័រប្លក់ UFO Sightings Hotpot ៖ “ក្នុងពេលពិនិត្យមើលសណ្ឋានដីភពអង្គារ ខ្ញុំក៏ប្រទះឃើញក្បាលមួយនេះ។ តាមការមើលឃើញ វាហាក់ដូចជារូបចម្លាក់មួយ ដែលត្រូវគេកប់ត្រឹមគល់ក”។

/

អ្នកវិទ្យាសាស្ដ្រម្នាក់ផ្សេងទៀត ក៏បានបង្ហោះរូបភាពដូចគ្នានេះ លើប្លក់ខាងលើ ប៉ុន្ដែ រូបភាពនោះ ត្រូវបានគាត់កែខ្លះៗ ដើម្បីឱ្យវាមានលក្ខណៈដូចទៅនឹងមុខមាត់លោក Obama ជាងរូបភាពដំបូង។

/

គួររំលឹកថា មុននេះ ស្ដ្រីម្នាក់ ឈ្មោះ Jackie បានហៅទូរស័ព្ទចូលស្ថានីយវិទ្យុ Coast to Coast AM របស់អាមេរិក និងអះអាងថា ខ្លួនជាអតីតបុគ្គលិករបស់ NASA បានប្រាប់ថា កាលពីនៅធ្វើការជាអ្នកប្រមូលទិន្នន័យពីយាន Viking (ជាយានស្រាវជ្រាវដំបូងគេ ដែលមានសមត្ថភាពបញ្ជូនរូបភាពពីភពអង្គារ មកកាន់ផែនដី) អ្នកស្រី ធ្លាប់បានឃើញមនុស្សពីរនាក់ ស្លៀកពាក់ឈុតខោអាវអវកាស ដើរនៅលើដីនៃភពព្រះអង្គារ។

យ៉ាងនេះក្ដី ក្រុមអ្នកឯកទេសផ្នែកផ្លូវចិត្ត យល់ថា នេះគ្រាន់តែជាការប្រតិកម្មផ្លូវចិត្តរបស់អ្នកមើលតែប៉ុណ្ណោះ។

/

ទាក់ទិននឹងភពព្រះអង្គារនេះដែរ ប្រភពព័ត៌មានឱ្យដឹងថា NASA នឹងបញ្ជូនមនុស្សឡើងទៅភពក្រហមនេះ នៅឆ្នាំ ២០៣០។ បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រ កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីត្រៀម​បញ្ជូនមនុស្សឡើងទៅកាន់ភពព្រះអង្គារ ហើយបើតាមសេចក្ដីរាយការណ៍ នៅក្នុងថ្ងៃទី ៤ធ្នូនេះ នឹងមានការសាកល្បងយានអវកាស Orion ដំបូងសម្រាប់គម្រោងខាងលើ។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail