អាមេរិក៖ បើតាមការអោយដឹងពីពត៌មានដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ០៩ កញ្ញា ម្សិលមិញនេះថា លោកប្រធានាធិបតីអាមេរិក Barack Obama ត្រូវបានប្រជាពលរដ្ឋទទូលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ខណៈដែលលោកចុះធ្វើការឃោសនា (Campign) ដោយខ្លួនលោកផ្ទាល់ នៅក្នុងរដ្ឋមួយ។

តាមប្រភពខាងលើបានអោយដឹងថា ទោះបីជាដំណើរការនៃការឃោសនា របស់លោកប្រធាន Obama ទៅកាន់រដ្ឋ Florida មានរយៈពេលត្រឹមតែពីរថ្ងៃ (០៩-១០ កញ្ញា) ក៏ដោយ ក៏លោក Obamaត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ គំាទ្រលោកយ៉ាងពេញទំហឹងផងដែរ។ គួរបញ្ចាក់ផងដែរថា ខណៈដែលលោកចុះទៅកាន់រដ្ឋ Florida លោកបានចុះទៅដល់ហាងលក់ដូរជាច្រើនកន្លែង ដូចជា Pizza Shop, Coffee Shop, Phone Bank និង ហាងពិសារស្រាផងដែរ។


លោកប្រធាន Obama បានមានប្រសាសន៍ថា លោកពិតជាមានចិត្ដសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលមានប្រជាពលរដ្ឋគំាទ្រលោកច្រើនយ៉ាងនេះ។ លោកបានបន្ដថា កាលបើលោកជាប់ឆ្នាត ក្នុងអណ្ដត្ដិទីពីរខាងមុខនេះ លោកនឹងខិតខំដឹកនំាសហរដ្ឋអាមេរិក អោយកាន់ល្អប្រសើរឡើង ជាងមុនពេលណាៗទាំងអស់។
ដោយ៖ នារីប្រភព៖ dailymail