ព័ត៌មានអន្តរជាតិ ៖ អ្នកជំនាញសត្វពស់ ជនជាតិអាល្លឺម៉ង់ម្នាក់ ត្រូវបានរកអោយឃើញថាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពស់វែកមានពិសខាំជាច្រើនកន្លែង ក្នុងកម្មវិធីធ្វើបទបង្ហាញរបស់គាត់ទៅកាន់ទស្សនិច្ចជន ស្តីពី ការយកឈ្នះទៅលើភាពភ័យខ្លាចនៃសត្វពស់ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpostដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាអ្នកជំនាញសត្វពស់ ជនជាតិអាល្លឺម៉ង់រូបនោះ មានឈ្មោះ Dieter Zorn វ័យ ៥៣ ឆ្នាំ ។ យ៉ាងណាមិញ ក៏មានការបញ្ជាក់អះអាងពីលើនេះផងដែរថា គាត់ត្រូវបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃអង្ការកន្លងទៅ នៅក្នុងកម្មវិធីធ្វើបទបង្ហាញជាសាធារណៈ ស្តីពីរបៀបនៃការយកឈ្នះចិត្ត កុំអោយមានការភ័យខ្លាចទៅលើសត្វពស់ ក្រោយពីពស់វែកមានពិស ខាំជាច្រើនកន្លែង។
បើតាមរបាយការណ៍ ផ្តល់ពី Animal Planet អោយដឹងថា ពស់វែក ត្រូវបានគេចាត់ចូលជាពពួកសត្វល្មូនមានគ្រោះថ្នាក់ ខណៈពិសរបស់វាអាចសម្លាប់ជីវិតមនុស្សបានយ៉ាងងាយ។ លើសពីនេះ ពស់ប្រភេទនេះ គឺវាមានការវាយប្រហារទៅលើចំណី ក៏ដូចជា សត្រូវរបស់ខ្លួន យ៉ាងសាហាវ ខណៈពេលដែលពិសរបស់វាពិតជាមានឥទ្ធិពលក្នុងការចូលទៅបំផ្លាញ ប្រព័ន្ធប្រាសាទ បេះដូង ក៏ដូចជា សរសៃឈាម ជាដើម៕
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost