១៧ មេសា, ២០១២ក្រោយពីបានទទួលដំណឹងអំពី លោក ជុំ កាណាល់ ប្រធានសម្ព័ន្ធ អ្នកសារពត៌មានកម្ពុជានិងជាអតីតអ្នកកាសែតប្រកបដោយវិជ្ជាជីវៈមានជំងឺ ជាទំងន់ដោយសារជំងឺរលៀកឆ្អឹងចង្កេះរហូតដល់ស្ពឹកមួយចំហៀងខ្លួន ទើប នាព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១២ ឯកឧត្តម កែប ជុតិមា អភិ-បាលរាជ ធានីភ្នំពេញ បានចាត់បញ្ជូនមន្រ្តីជំនួយការ ដែលមាន លោកស្រី តិមា វិច្ឆិកាល និង លោក ឡុង ឌីម៉ង់ នាំយកថវិកាចំនួន ១,០០០ (មួយពាន់) ដុល្លាអាមេរិក ទៅប្រគល់ជូនលោក និងក្រុមគ្រួសារដែលកំពុងសំរាកព្យាបាលនៅផ្ទះ ដើម្បីជួយសម្រាលដល់ជីវភាព ក៏ដូចជាក្នុង ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។ក្នុងពេលប្រគល់ជូនថវិកានេះ លោកស្រី តិមា វិច្ឆិកាល ក៏បាននាំនូវបណ្តាំសាកសួរសុខទុក្ខ របស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ និងគិតគូរ ជានិច្ចដល់សុខទុក្ខរបស់ អ្នកសារពត៌មានជំនាន់មុន ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អាន និងជូនពរឲ្យលោក ជុំ កាណាល់ ដែលធ្លាប់ មានបទពិសោធន៍ និងប្រកប ដោយស្នាដៃឆាប់បានជាសះស្បើយឡើងវិញ ។
ជាមួយគ្នានេះដែរ តំណាងក្រុមគ្រួសារអ្នកជំម្ងឺក៍បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ ដែលបានផ្តល់ជូនថវិកាសម្រាប់ប្រើប្រាស់ក្នុងការព្យាបាល និងសូមប្រសិទ្ធិពរ ជូនចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅ ឲ្យជួបពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីដឹកនាំ និងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចំរើន ថែមទៀត។
ដកស្រង់ពី៖ សាលារាជធានីភ្មំពេញ phnompenh.gov.kh