ព័ត៌មានអន្តរជាតិ ៖ ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែង ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីក្រុមមន្រ្តីប៉ូលីស បានរកឃើញ  ថាបានបង្ខាំងទុកនូវសត្វព្រៃខុសច្បាប់  ដល់ទៅរាប់រយក្បាលដែលនៅក្នុងនោះ   ក៏រួមមានពូជតោកម្រ  ( rare albino lions ) ១៤ ក្បាលផងដែរ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

width=435

គួរបញ្ជាក់ផងដែរថា  ប្រតិបត្តិការឆ្មក់ចូលផ្ទះ  ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងនេះ អាចធ្វើទៅបានបន្ទាប់ពីមានការសង្ស័យ    ខណៈពេលដែលហាងសត្វចិញ្ចឹមមួយនេះ  មានទីតាំងនៅជិតទីក្រុងបាំងកក  ដោយបានរកឃើញពពួកសត្វព្រៃជាច្រើន ដែលនៅក្នុងនោះរួមមានដូចជា ៖ ពូជតោកម្រ (rare albino lions) ១៤ ក្បាល ពពួកសត្វបក្សី សត្វសំពោច ពពួកសត្វអណ្តើក ក្ងោក  ស្វា  ក៏ដូចជាពពូជសត្វមួយចំនួនផ្សេងទៀត  ដែលត្រូវបានគេជឿថា បាននាំចូលមកពីក្រៅប្រទេស ក៏ដូចជា មកពីទូទាំងប្រទេសថៃ។

width=428

ក្រុមមន្រ្តីប៉ូលីស ក៏ដូចជា មន្រ្តីជំនាញសត្វព្រៃ  និងព្រៃឈើ  ក៏បានរកឃើញ  សត្វផ្សោតនិង   ពពូកសត្វខ្លារខិន ផងដែរ ។  យ៉ាងណាមិញ  បើយោងតាមសម្តីមន្រ្តីប៉ូលីស លោកColonel  Ek Ekasart  ក៏បានបន្ថែមថា​  ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងនេះ  ដែលមានឈ្មោះ Montri និងមានវ័យ ៤១ ឆ្នាំ ក៏កំពុងប្រឈមមុខទៅនឹងការផ្តន្ទាទោស ដោយជាប់ពន្ធនាគារដល់ទៅ ៤ ឆ្នាំ ពីបទបង្ខាំងទុកនូវសត្វព្រៃខុសច្បាប់។

ប៉ូលីសរូបនេះ   ក៏បានបញ្ជាក់បន្ថែមថា  ការឆ្មក់ចូលលុកលុយស៊ើបអង្កេត ក្នុងហាងសត្វចិញ្ចឹមមួយកន្លែងនេះ   អាចធ្វើទៅបាន  បន្ទាប់ពីមានការសង្ស័យ  ក៏ដូចជាការត្អូញត្អែរពីសំណាក់អ្នកជិតខាង ខណៈមានការជះក្លិនជាខ្លាំង។

បន្ទាប់ពីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយនឹងមានការដោះស្រាយទៅតាមផ្លូវច្បាប់    សត្វព្រៃទាំងអស់នឹងត្រូវប្រលែងចូលទៅក្នុងព្រៃ  ក៏ដូចជា បញ្ជូនទៅកាន់សួនសត្វមួយចំនួនផ្សេងទៀត៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ