ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីក្រុមហ៊ុន Nokia និងសកលវិទ្យាល័យ Queen Mary London នៃប្រទេសអង់គ្លេស បានប្រើប្រាស់សម្លេងដើម្បីបញ្ចូលថាមពលថ្មទូរស័ព្ទចល័ត។
ក្រុមអ្នកវិទ្យាសាស្ដ្រនេះ បានប្រើប្រាស់បន្ទះ nano នៃអុកស៊ីតស័ង្កសី (zinc oxide nanorods) ដ៏ស្ដើង បំពាក់ក្នុងទូរស័ព្ទ។ ដូចទៅនឹងវត្ថុបញ្ចូលថាមពលផ្សេងៗ បន្ទះ nano នៃអុកស៊ីតស័ង្កសី នេះ នឹងកោង ដើម្បីឆ្លើយតបទៅនឹងរលកសម្លេង ហើយបង្កើតជាចរន្ធអគ្គិសនី។

Gizmag បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើ ចាប់ផ្ដើមដោយការបាញ់ស្រោបស្រទាប់អុកស៊ីតស័ង្កសី ទៅនឹងបន្ទះវត្ថុទន់មួយ បន្ទាប់មក ពួកគេស្រោបធាតុគីមីពិសេសមួយទៀត រួចកំដៅវាឱ្យឡើងដល់ ៩០អង្សាសេ ធ្វើឱ្យអុកស៊ីតស័ង្កសីទាំងនោះ ក្លាយជាបន្ទះ nano ។
ដើម្បីប្រមូលសម្ពាធអគ្គិសនីដែលបានបង្កើតឡើង បន្ទះ nano ត្រូវគេកៀបដោយចំនុចប្រសបគ្នាចំនួន ២ ដែលមុននេះ គេធ្វើអំពីមាស ប៉ុន្ដែពេលនេះ គេអាចប្រើអាលុយមីញ៉ូជំនួស ដូច្នេះ តម្លៃក៏ទាបទៅតាមនោះ។
ទូរស័ព្ទដែលបំពាក់ប្រព័ន្ធប្រមូលថាមពលពីសម្លេងនេះ មានទំហំប្រហាក់ប្រហែលនឹងស្មាតហ្វូន Nokia Lumina 925 ហើយវាមានសមត្ថភាពបង្កើតបានជាអគ្គិសនី ៥ volt នៅពេលមានសម្លេងកញ្ចែឡាន សម្លេងតន្ដ្រី ឬសម្លេងមនុស្សនិយាយ។ល។

Gizmag ដកស្រង់សម្ដីបណ្ឌិត Joe Briscoe មកពីសកលវិទ្យាល័យ Queen Mary London ឱ្យដឹងថា បច្ចេកវិទ្យាថ្មីនេះ នឹងជួយឱ្យទូរស័ព្ទចល័តដំណើរការបានយូរជាងមុន ហើយវាក៏អាចជំនួសប្រភេទថ្មនាបច្ចុប្បន្នផងដែរ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ myscience