Nokia ត្រូវបានគេជឿថា នឹងត្រលប់មកកាន់ទីផ្សារស្មាតហ្វូននៅឆ្នាំក្រោយ ពេលនេះ ព័ត៌មានស្ដីអំពីកំពូលផលិតផលដំបូងនៃការវិលត្រលប់របស់ខ្លួន ត្រូវបានបែកធ្លាយ។

យោងតាមអត្ថបទមួយនៅលើទំព័រ Weibo ដែលត្រូវបាន gsmarena យកមកចុះផ្សាយ ឱ្យដឹងថា ស្មាតហ្វូនថ្មីរបស់ Nokia នឹងប្រើអេក្រង់ 5.2 inch និង 5.5 inch ជាមួយនឹងរីសូលូសឹន QHD ហើយស្មាតហ្វូនទាំងពីរនេះនឹងប្រើឈីប Snapdragon 820 ។ ព័ត៌មាននេះវាគាប់ជួនទៅនឹងបណ្ដាព័ត៌មានដែលបានបែកធ្លាយកន្លងមក។

ប្រភពព័ត៌មានក៏បានឱ្យដឹងថា កែវពង្រីកពីក្រុមហ៊ុន Carl Zeiss នឹងត្រូវបានបំពាក់នៅលើស្មាតហ្វូនថ្មីរបស់ Nokia។ Carl Zeiss គឺជាក្រុមហ៊ុនផលិតកែវពង្រីករបស់កាមេរ៉ាដ៏ល្បីឈ្មោះនៅប្រទេសអាល្លឺម៉ង់ ហើយមុននេះ ក្រុមហ៊ុនក៏ធ្លាប់ផ្គត់ផ្គង់ឡែនទៅឱ្យបណ្ដាស្មាតហ្វូនមួយចំនួនរបស់ Nokia ផងដែរ។

ព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា ស្មាតហ្វូនរបស់ Nokia នឹងដំណើរការដោយ Android 7.0 និងមានសមត្ថភាពទប់ទល់នឹងជម្រាបទឹកតាមស្ដង់ដា IP68 ដូចទៅនឹង Galaxy S7។ តាមគម្រោង ស្មាតហ្វូនលំដាប់ខ្ពស់របស់ Nokia នេះនឹងត្រូវបានដាក់លក់ដំបូងគេនៅប្រទេសចិន។
ប្រែសម្រួល ៖ តារាប្រភព ៖ phonearena/ gsmarena