តួលេខលក់ជាច្រើន ទីបំផុតចាប់ផ្តើមបង្ហាញឡើង សម្រាប់ការធ្វើអាជីវកម្ម ទូរស័ព្ទចល័តធម្មតា ប្រចាំឆ្នាំ ទោះបីជាឆ្នាំ ២០១២ មិនទាន់បានបញ្ចប់ នៅឡើយក៏ដោយ។ ក្រុមហ៊ុនសា្រវជ្រាវ ទីផ្សារអន្តរជាតិ IHS iSuppli បានបង្ហាញពី ការប៉ាន់ប្រមាណ របស់ខ្លួន សម្រាប់ក្រុមហ៊ុន ផលិតទូរស័ព្ទ ដែលចេញលក់ទូរស័ព្ទ ចល័តធម្មតា របស់ខ្លួន បានច្រើនជាង គេប្រចាំឆ្នាំ ២០១២ ហើយលទ្ឋផលនេះ គឺជាលើកទី១ បើគិតចាប់ពីពិភពលោកបើក ធ្វើ អាជីវកម្មទូរស័ព្ទ ក្នុងរយៈពេល១៤ឆ្នាំមកនេះ ដែលក្រុមហ៊ុន Samsung បានក្លាយជាក្រុមហ៊ុន ឈលំដាប់ថ្នាក់កំពូលគេ នៅក្នុងការចេញលក់ទូរស័ព្ទ ចល័តធម្មតាបានច្រើន ជាងគេបង្អស់ ដែលរុញក្រុមហ៊ុនNokia ឲ្យធ្លាក់នៅលំដាប់លេខ២ ហើយចំណែកក្រុមហ៊ុន Apple វិញនៅតែ ឈរលំដាប់ ថ្នាក់លេខ៣ ដដែល ក្នុងការចេញលក់ទូរស័ព្ទធម្មតា និង ឈរជើងលេខ២ ក្នុង ការចេញលក់ ស្មាតហ្វូនប្រចាំឆ្នាំ ២០១២នេះ។

យោងតាមទិន្នន័យស្រាវជ្រាវ របស់ក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រុមហ៊ុនSamsung ត្រូវ បានគេរំពឹង នឹងក្តាប់ទីផ្សារលក់ ទូរស័ព្ទចល័តធម្មតាបាន ២៩ភាគរយ នៅទូទាំងពិភពលោក ប្រចាំឆ្នាំ ២០១២នេះ ខណៈក្រុមហ៊ុនNokia ក្តាប់ទីផ្សារបានចំនួន ២៤ភាគរយ។ លទ្ឋផលនេះស្ទើរតែផ្ទុយគ្នាស្រឡះកាលពីឆ្នាំ ២០១១ នៅពេលនោះ ក្រុមហ៊ុន Nokia ក្តាប់បានទីផ្សារទូរស័ព្ទ ចល័តធម្មតាចំនួន ៣០ភាគរយទូទាំងពិភពលោក ខណៈដែលក្រុមហ៊ុន Samsung ក្តាប់បានទីផ្សារ ២៤ភាគរយ។ រឿងដែលគួរឲ្យ ចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុនApple ទទួលបានតំណែងលេខ៣ ក្នុងការចេញលក់ ទូរស័ព្ទចល័តធម្មតា ជាមួយការកាន់ កាប់ទីផ្សារ ១០ភាគរយទៅវិញ បើទោះបីជាក្រុមហ៊ុន Apple ជាក្រុមហ៊ុន ដែលផលិតតែស្មាត ហ្វូនក៏មួយមុខដោយ ហើយក្រុមហ៊ុននេះ គ្មានផលិតទូរស័ព្ទចល័តធម្មតា ដូចក្រុមហ៊ុន Samsung និង Nokiaនោះទេ។

ចំណែកចំណាត់ថ្នាក់ចេញ លក់ស្មាតហ្វូនវិញម្តង ក្រុមហ៊ុន Samsung ទទួលបានពន្ទុះយ៉ាង ខ្ពស់ ជាមួយការក្តាប់ទីផ្សារ ស្មាតហ្វូនទូទាំងពិភពលោក ២៨ភាគរយ ដែលការក្តាប់ទីផ្សារ ដ៏ច្រើននេះ បានយកឈ្នះក្រុមហ៊ុន Apple ដែលកាន់កាប់ទីផ្សារស្មាត ហ្វូនទូទាំងពិភព លោក បានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។  កាលពីឆ្នាំ ២០១១ ក្រុមហ៊ុន Samsung ក្តាប់បានទីផ្សារ ចំនួន ២០ភាគរយ បើធៀបនឹងក្រុមហ៊ុន Apple វិញមានចំនួន ១៩ភាគរយ។

ទិន្នន័យស្រាវជ្រាវដដែល ក៏បានបង្ហាញពីការរីកចម្រើន ផ្នែកស្មាតហ្វូនផងដែរ។ ការចេញលក់ ស្មាតហ្វូននៅលើទីផ្សារ ទូទាំងពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើង ៣៥,៥ភាគរយ ក្នុងឆ្នាំ ២០១២នេះ ខណៈដែលការចេញ លក់ទូរស័ព្ទចល័តធម្មតា នឹងកើនឡើងត្រឹមតែ ១ភាគរយប៉ុណ្ណោះ៕

/

ដោយ៖ lookingtodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល