ព័ត៌មានអន្តរជាតិ ៖ ជើងហោះហើរចំនួន ៥ ត្រូវបានផ្អាក ពន្យាពេល ក៏ដូចជា ធ្វើការចុះចតជាបន្ទាន់ ខណៈក្រុមមន្រ្តីប៉ូលីសចិន ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត បន្ទាប់ពីទទួលបានទូរស័ព្ទអានាមិក ដោយមានការគំរាមគំហែងបំផ្ទុះគ្រាប់បែក នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ ដោយគេហទំព័រសារព័ត៌មានបរទេសអាស៊ីវ័ន ។

គួរបញ្ជាក់ផងដែរថា ជើងហោះហើរចំនួន ៥ ដែលត្រូវបានផ្អាក ពន្យាពេល ក៏ដូចជាធ្វើការចុះចតជាបន្ទាន់ទាំងនោះ ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនអាការចរចិនរួមមានដូចជា៖China Eastern Airlines, Juneyao Airlines ក៏ដូចជា Shenzhen Airlines ជាដើម។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ជើងហោះទាំង ៥ នោះ ធ្វើដំណើរឆ្ពោះទៅខេត្តGuangdong ប្រទេសចិន ។

គួររំឭកផងដែរថា ការដែលទទួលបានទូរស័ព្ទអានាមិក ដោយមានការគំរាមគំហែងបំផ្ទុះគ្រាប់បែកលើកនេះ ត្រូវបានបង្កជាភាពភ្ញាក់ផ្អើលភ្លាមៗ នាវេលាព្រឹកថ្ងៃពុធនេះ ។ យ៉ាងណាមិញ បើយោងតាមសេចក្តីថ្លែងការណ៍ របស់នាយកដ្ឋានអាកាសចរស៊ីវិលចិន បានអោយដឹងថា ក្រុមមន្រ្តីជំនាញខាងតាមដានស៊ើបអង្កេត ក៏កំពុងតែចេញប្រតិបត្តិការរបស់ខ្លួន ដើម្បីរកអោយឃើញ ជនដែលនៅពីក្រោយរឿងនេះ ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា បើសិនណា ការតាមដានស៊ើបអង្កេតប្រព្រឹត្តិទៅបានយ៉ាងរលូន និងឈានទៅដល់ការចាប់ឃាត់ខ្លួន ភារវជនដែលនៅពីក្រោយរឿងនេះពិតប្រាកដមែននោះគេអាចនឹងប្រឈមមុខក្នុងការផ្តន្ទាទោស ដោយជាប់ពន្ធនាគារ ដល់ទៅ ១៥ ឆ្នាំ។

ទីភ្នាក់ងារសារព័ត៌មាន China News Service បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាទូរស័ព្ទអានាមិក ដោយមានការគំរាមគំហែង បំផ្ទុះគ្រាប់បែកលើកនេះ ត្រូវបាន call ចូលកាលពីវេលាម៉ោង ៧ និង ៤០ នាទីព្រឹក ដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដោយគេបានបញ្ជាក់ថា នឹងមានការបំផ្ទុះគ្រាប់បែកនៅលើជើងយន្តហោះ ហោះហើរ Shenzhen Airlines' Flight ZH9243 ដែលជាចលករ ញ៉ាំងអោយមានការចុះចតជាបន្ទាន់ បន្ទាប់ពីបានទទួលការហៅចូលលើកនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន