ភ្នំពេញ៖ បន្ទាប់ពីជួបនូវគ្រោះថ្នាក់ចរចរណ៍ គួរឲ្យរន្ធត់មួយបណ្តាលឲ្យតារាសម្តែង និងជាតារាបង្ហាញម៉ូដកញ្ញា ពេជ្រ កណីកា បានស្លាប់ ដោយគៀបជាប់នឹងកាប៊ីនរថយន្ត ខណៈដែលអ្នកបើក រថយន្តកាមរីបាឡែន បានបើកទៅបុកខ្ទប់របងថ្មផ្ទះសំណាក់ខ្សាច់មាស រហូតមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយ ឬសំណងណាមួយពីខាងភាគី អ្នកបង្កហេតុឡើយ។
បើតាមការឲ្យដឹងពីលោក ម៉ុំ មុនីរិទ្ធ ត្រូវជាបងប្រុសរបស់តារាសម្តែង ពេជ្រ កណីកា បានប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ ខែកក្កដា ថា ចាប់តាំងពីថ្ងៃបង្កហេតុ រហូតមកដល់ពេលនេះ បុរសដែលជាអ្នកបើររថយន្ត បានរត់គេចខ្លួន ដោយមិនព្រមចូលខ្លួន ដើ-ម្បីមកដោះស្រាយនោះទេ គឺឃើញតែខាងបងប្អូនរបស់គេ ជាអ្នកចូលខ្លួនមកដោះស្រាយ ជំនួសតែប៉ុណ្ណោះ។
អ្នកនិពន្ធទំនុកចម្រៀងវ័យក្មេង លោក ម៉ុំ មុនីរិទ្ធ បាននិយាយបន្តថា រហូតមកពេលនេះ គឺពុំទាន់មានដំណោះស្រាយណាមួយ ដែលល្អសម្រាប់ភាគីខាង លោកទទួលយកនោះទេ ព្រោះភាគីម្ខាងទៀត គេមិនព្រមសងសំណងទៅតាមអ្វី ដែលគ្រួសាររបស់ជនរងគ្រោះទាមទាឡើយ។ ម្យ៉ាងទៀតគេចេះតែពន្យាពេល នៃការដោះស្រាយរហូត។
លោក ម៉ុំ មុនីរិទ្ធ និយាយទៀតថា ក្នុងរយៈពេល១ សប្តាហ៍ ទៀត ប្រសិនបើភាគីម្ខាងទៀត មិនព្រមធ្វើការសម្រុះសម្រួល និង ចេញសំណងឲ្យ បានសមស្រប មកឲ្យខាងជនរងគ្រោះ ដែលស្លាប់ កញ្ញា ពេជ្រ កណីកា នោះទេ គឺគ្រួសាររបស់លោក នឹងដាក់ពាក្យប្តឹងទៅកាន់តុលាការ ដើម្បីធ្វើការដោះស្រាយ តាមផ្លូវច្បាប់បន្តទៀត។
កញ្ញា ពេជ្រ កណីកា មានឈ្មោះពិតថា អ៊ុក ប៊ុនណារី ជាតារាបង្ហាញម៉ូដ។ នាងបានចូលខ្លួនប្រឡូកក្នុងសិល្បៈអស់រយៈពេលជិត ៣ ឆ្នាំមកហើយ។ កញ្ញា ពេជ្រ កណីកា ក៏ត្រូវជាប្អូនស្រី របស់អ្នកនិពន្ធ ម៉ុំ មុនីរិទ្ធ ផងដែរ។
ពេជ្រ កណីកា បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តកាមរីបាឡែន បើកទៅបុករបងថ្មផ្ទះសំណាក់ខ្សាច់មាស កាលពីវេលាម៉ោងជាង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ២០១៣ ស្ថិតក្នុង ភូមិកៀនឃ្លាំង២ សង្កាត់ព្រែកលាភ ខណ្ឌឫស្សីកែវ។
ក្រោយពីហេតុគ្រោះថ្នាក់ បុរសដែលជាអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ ចំណែកឯសព របស់កញ្ញា ពេជ្រ កណីកា ត្រូវបានដឹកយកទៅដំកល់ធ្វើបុណ្យ និងបូជានៅវត្តទឹកថ្លាកាល ថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៣ កន្លងទៅ៕



ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល