ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៧ នាក់បានទទួលរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីមានឧបទ្ទេវហេតុផ្អើលរត់ជាន់គ្នា នៅឯសកលវិទ្យាល័យ Tongji ទីក្រុង សៀងហៃប្រទេសចិន អំឡុងពេល នៃឱកាសអញ្ជើញមកដល់ របស់អតីតកីឡាករបាល់ទាត់ល្បីឈ្មោះរបស់ពិភពលោក Devid Beckham នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinadaily ។

គួរបញ្ជាក់ផងដែរថា ករណីឧបទ្ទេវហេតុមួយនេះ បានកើតឡើង កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។ ដោយឡែក បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា នាឱកាសនោះ មានមនុស្សប្រមាណជាង ១០០០ នាក់ បានមកចូលរួមក្នុងកម្មវិធីមួយនេះ។

យ៉ាងណាមិញ បើនិយាយពីជនរងគ្រោះទាំង ៧ នាក់នោះ រួមមាន មន្រ្តីប៉ូលីស ៣ រូបសន្តិសុខ ២ រូប និងសិស្សនិស្សិត ២ រូបផ្សេងទៀតផងដែរ។ ភ្លាមៗនោះ កាលដែលបានកើតមានឡើង នូវសោកនាដកម្ម ដែលបានបណ្តាលអោយក្រុមមនុស្ស ទទួលរងរបួសហើយនោះ កម្មវិធីអញ្ជើញមកដល់របស់កីឡាករល្បីឈ្មោះរូបនេះ ក៏ត្រូវបានលុបចោល។

គួររំឭកផងដែរថា ឧកាសអញ្ជើញមកដល់ របស់អតីតកីឡាករបាល់ទាត់ល្បីឈ្មោះរបស់ពិភពលោកលើកនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន ស្របពេលដែល Devid Beckham នាពេលបច្ចុប្បន្ននេះ គឺជាឯកអគ្គរដ្ឋទូតសម្រាប់ Chinese Super League ៕



ដោយ ៖ រិទ្ធីប្រភព ៖ chinadaily