ញ៉ាក់សាច់ ៖ បើយោងតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាសប្តាហ៍កន្លងទៅបានអោយដឹងថា បុរសជនជាតិប្រេស៊ីលម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ស្របពេលមានដែកបានដោតជាប់នឹងក្បាលរបស់គេ ខណៈពេលដែលបំពេញការងារជាកម្មករសំណង់ នៅក្នុងទីក្រុង Rio de Janeiro នាប្រទេសប្រេស៊ីល។

បើតាមរបាយការណ៍បានអោយដឹងថា ដែកដែលបានដោតជាប់នឹងក្បាលរបស់បុរសវ័យ 24 ឆ្នាំរូបនេះមានប្រវែង 2 ម៉ែត្រ ហើយវាបានធ្លាក់ពីជាន់ទី 5 នៃអាគារដែលគាត់កំពុងបំរើការ លើសពីនេះទៅទៀត បើតាមរបាយការណ៍បានអោយដឹងថា បុរសម្នាក់នេះមានឮឈ្មោះថា Eduardo Leite ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ Miguel Couto Hospital ខណៈពេលទៅដល់មន្ទីរពេទ្យ ក៏មានការបញ្ជាក់អះអាងពីលោកវេជ្ជបណ្ឌិតផងដែរ ពោលគឺ Dr Luiz Aleandre Essinge បាននិយាយបញ្ជាក់ថា ៖ វាគឺជាគ្រោះថ្នាក់មួយដ៏គួរអោយរន្ធត់ ក៏ព្រោះតែដែកបានដោតជាប់ទៅនឹងក្បាលរបស់គាត់ ហើយឆ្លងកាត់ប្រព័ន្ធខួរក្បាលទៀតផង។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានបើកយុទ្ធនាការក្នុងការវះកាត់លោក Leite ដល់ទៅ 5 ម៉ោង ជាលទ្ធផលក៏ទទួលបានជោគជ័យ ដែលក្រោយមកគាត់អាចនិយាយ ធ្វើចលនា ក៏ដូចជាទទួលទានអាហារបានផងដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ News.sky