លោកម៉ម សារ៉ាវឌី ហៅខ្លា មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញខណៈពេលកំពុងបើកម៉ូតូឌុបមិត្តភ័ក្តរបស់ខ្លួននៅតាមដងផ្លូវ មុខផ្សារហេងលី ត្រូវបានខ្មាន់កាំភ្លើងដែលជាមិត្តភ័ក្កខ្លួនឯង ដែលកំពុងជិះម៉ូតូជាមួយគ្នានោះ បានបាញ់សម្លាប់ចោលយ៉ាងសាហាវ។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ប្រហែល ២និង៤៥នាទីរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១២ តាមបណ្តោយផ្លូវលេខ ២៧១ ទល់មុខផ្ទះសំណាក់អង្គរមាស សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកើតហេតុអ្នកទាំង២ជាអ្នកស្គាល់គ្នា បាន ជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ធ្វើដំណើរតាម បណ្តោយផ្លូវ២៧១ពីត្បូងមកជើង លុះជិះជិតដល់កន្លែងកើតហេតុ គេឮស្នូរសំឡេងជនសង្ស័យ និងជនរងគ្រោះ ឈ្លោះប្រកែកគ្នាខ្លាំងៗ ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញជនសង្ស័យដែលជិះខាងក្រោយ ដកកាំភ្លើងខ្លីពីចង្កេះ ភ្ជង់ក្បាលជនរងគ្រោះ បាញ់ក្បាល ជនរងគ្រោះពីក្រោយ ត្រូវចំនួន ២គ្រាប់ ដួលធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្ដង។
តាមប្រភពព៌ត៌មានពី មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញម្នាក់ បានឲ្យដឹងថាជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ខ្លា ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ភ្នំពេញ ហើយការបាញ់សម្លាប់នេះ មិនមែនជាករណីប្លន់នោះឡើយ ជាការសងសឹកគំនុំ។
ក្រោយពេលកើតហេតុ ជនសង្ស័យមានគោលបំណងគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងដែលល្បាតចាប់ឃាត់ខ្លួនបានភ្លាមៗរួចបញ្ជូនទៅទីបញ្ជាការកង រាជអាវុធរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ និងរឹបអូសបានកាំភ្លើងម៉ាកឡុកCZ75 មួយដើមផង។
តាមប្រភពព័ត៌មានពីប៉ូលិស បានឲ្យដឹងថា ដៃដល់មិនបានសារភាព ពីមូលហេតុ ដែលបណ្ដាលឲ្យរូបគេ បាញ់សម្លាប់ជនរងគ្រោះនោះឡើយ ប៉ុន្ដែសមត្ថកិច្ច បានឆែកឆេររកឃើញ មានលុយមួយចំនួន រួមទាំងកញ្ឆាក្រៀម ចំនួន ២កញ្ចប់ ហើយជនសង្ស័យ ត្រូវបានគេ សន្និដ្ឋានថា កំពុងស្ថិតនៅក្នុងអាការ ស្រវឹងកញ្ឆាជោកជាំផងដែរ។


