Galaxy S III ប្រើប្រាស់អេក្រង់ប្រភេទ Super AMOLED resolution HD ។ សមិទ្ធិផលនេះប្រើប្រាស់ chip Quad core ល្បឿន ១,៤GHz និងចាប់ផ្តើមចេញលក់នៅចុងខែឧសភានេះហើយ។Samsung បានហៅព្រឹត្តិការណ៍នេះថាគឺជាថ្ងៃដាក់បង្ហាញវត្តមានសមិទ្ធិផលធំបំផុតប្រចាំឆ្នាំរបស់ខ្លួន។ JK Shin អ្នកគ្រប់គ្រងផ្នែកឧបករណ៍ចល័តរបស់ Samsung បានកាន់ model ថ្មីនេះនៅក្នុងដៃរបស់ខ្លួននិងបាននិយាយថា សមិទ្ធិផលនេះប្រើប្រាស់អេក្រង់ប្រភេទ Super AMOLED មានទំហំ ៤,៨អ៊ីង ,កាមេរ៉ាក្រោយទំហំ ៨ megapixel និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0 ។
 |
| |
Galaxy S III ប្រើប្រាស់ chip Quad core Exynos 4212 Quad ល្បឿន ១,៤GHz ផ្អែកលើមូលដ្ឋានគ្រឹះ ARM Cortex និងមាន RAM ទំហំ ១GB ។ សមិទ្ធិផលនេះមានកំរាស់ ៨,៦ មីលីម៉ែត្រ គឺក្រាស់ជាងកំណែកាលពីឆ្នាំកន្លងទៅ។ កាមេរ៉ាក្រោយទំហំ ៨ megapixel អនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតវីដេអូ Full HD ជាមួយនឹងភ្លើង flash និងកាមេរ៉ាខាងមុខមានទំហំជិត ២ megapixel ។ ដូចគ្នានឹងគំរូរបស់ HTC One X ដែរ Galaxy S III នេះក៏អាចថតវីដេអូ និងរួបភាពក្នុងពេលតែមួយបានផងដែរ។បណ្តាអ្នកតំណាងរបស់ Samsung បានសង្កត់ធ្ងន់លើការរចនាម៉ូដរបស់សមិទ្ធិផលនេះថាបានយកគំនិតចេញពីទឹក ខ្យល់ ថ្ម រឺស្លឹកឈើ ។ Galaxy S III មានពីរពណ៌គឺពណ៌ស និងពណ៌ខៀវចាស់។ ក្រុមហ៊ុនបានអោយដឹងទៀតថា សមិទ្ធិផលថ្មីនេះមានអេក្រង់មួយដ៏វៃឆ្លាត ដែលមានសមត្ថភាពអាចស្គាល់មុខអ្នកប្រើប្រាស់ អាចយល់ចិត្ត និងស្តាប់បង្គាប់ទៀតផង។ចំពោះការប្រើប្រាស់គេហទំព័រកំសាន្តសង្គមវិញ Samsung ក៏បានអោយដឹងដែរថាសមិទ្ធិផលថ្មីនេះមានសមត្ថភាពអាចធ្វើការតភ្ជាប់ជាមួយ Wi-Fi Direct, បច្ចេកវិទ្យា NFC។ ដោយឡែកក្រុមហ៊ុនក៏បានធ្វើការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាចែករំលែករូបភាពចូលទៅកាន់អេក្រង់មានទំហំធំដែលក្រុមហ៊ុនអោយឈ្មោះថា All Share Play ។ មុខងារ Direct Call អនុញ្ញាតអោយអ្នកប្រើប្រាស់នៅពេលដែលកំពុងតែសរសេរអត្ថបទ គឺគ្រាន់តែកាន់ទូរស័ព្ទនេះមកជិតខ្លួន នោះការសន្ទនារនឹងត្រូវបានចាប់ផ្តើមដំណើរការភ្លាម។
 |
| |
ខុសពីបណ្តាឆ្នាំមុនៗ ដែលបានជ្រើសរើសយក MWC ធ្វើជាកន្លែងឧទ្ទេសនាមសមិទ្ធិផលថ្មីរបស់ខ្លួន,ព្រឹត្តិការណ៍ Mobile Unpacked ២០១២ ឆ្នាំនេះត្រូវបាន Samsung ប្រារព្ធធ្វើឡើងនៅឯទីក្រុង London ក្នុងប្រទេសអង់គ្លេស។ ឆាកវេទិការត្រូវបាន Samsung តុបតែងរំលេចនូវពណ៌ចំនួនពីរគឺពណ៌ស និងពណ៌ខៀវ ដែលគឺជាពណ៌ចំបងនៃសមិទ្ធិផលថ្មីរបស់ខ្លួននេះតែម្តង និងមានអតិថិជនចូលរួមក្នុងកម្មវិធីប្រមាណជា ១០០០ នាក់។Smartphone ថ្មីរបស់ Samsung នេះបានចាប់កំណើតឡើងនៅខណៈពេលដែលក្រុមហ៊ុនទើបតែទទូលបានតំណែងលំដាប់លេខ ១ លើទីផ្សារទូរស័ព្ទចល័តនៅក្នុងពិភពលោក។ ហើយកាលពីសប្តាហ៍មុនក្រុមហ៊ុននេះក៏ទើបតែបានធ្វើសេចក្តីប្រកាសពីប្រាក់ចំណូលរបស់ខ្លួនមានចំនួនយ៉ាងច្រើនរហូតដល់ ៥,២ ពាន់លានដុល្លាអាមេរិកឯណោះ ដែលក្នុងនោះក្រុមហ៊ុនបានអោយដឹងថាគឺទទួលបានជោគជ័យដ៏ធំធេងចេញពីសមិទ្ធិផល Galaxy S II ។Galaxy S III នេះត្រូវបានក្រុមហ៊ុនសង្ឃឹមថានឹងនាំចំណូលយ៉ាងច្រើនបន្ថែមទៀតសំរាប់ខ្លួន និងតាមការគ្រោងទុកសមិទ្ធិផលថ្មីនេះនឹងលក់បានលើសពី ២០ លានគ្រឿងឯណោះនៅពេលចេញលក់ជាផ្លូវការ និងជាតួលេខមួយមានចំនួនយ៉ាងច្រើនបើធៀបជាមួយកំណែមុន។ បើយោងតាមការលើកឡើងរបស់អ្នកឯកទេសវិភាគជាច្រើនអោយដឹងថា Galaxy S III នេះគឺជាគូរប្រជែងយ៉ាងខ្លាំងក្លាបំផុតរបស់បណ្តាក្រុមហ៊ុនល្បីៗជាច្រើន និងដែលអាចជួយអោយ Samsung នៅរក្សាបានតំណែងនាំមុខគេខាងផ្នែកទីផ្សារទូរស័ព្ទចល័តលើពិភពលោកទៀតផង។
 |
| |
Galaxy S III នឹងត្រូវបានដាក់លក់នៅក្នុងប្រទេសចំនួន ១៤៥ នៅក្នុងពិភពលោក និងធ្វើការចែកចាយដោយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធើណែតចំនួន ២៩៦។ ដំបូងគឺនៅទ្វីបអឺរ៉ុប នៅក្នុងចុងខែឧសភានេះ។ សមិទ្ធិផលមានបីកំណែដែលនឹងចេញលក់គឺ ១៦ ,៣២ និង ៦៤GB ៕ ប្រភព៖ Engadget ដោយ៖ រស្មី