ព័ត៌មានអន្តរជាតិ ៖​ បុរសម្នាក់ ត្រូវបានក្រុមមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួន និងប្រឈមមុខក្នុងការជាប់ទោស បន្ទាប់ពីភ្នាក់ងារប៉ូលីស  បានឃាត់រថយន្តរបស់គាត់ និងរកឃើញថា ក្មេងប្រុសវ័យ ៧ ឆ្នាំ ជាអ្នកបើករថយន្តជូនគាត់ទៅផ្ទះទៅវិញ ខណៈបុរសរូបនេះ  ស្ថិតនៅក្នុងសភាពស្រវឹងជោគ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា   ករណីខាងលើនេះ  បានកើតឡើងនៅឯរដ្ឋ  Queensland​  ប្រទេសអូស្រ្តាលី នាវេលាម៉ោង ៣ ទាបភ្លឺ  ខណៈប៉ូលីសតាមប្រមាញ់ឡានមួយគ្រឿង  ដែលបានបើកបរនៅលើដងផ្លូវ ដោយមិនព្រមបើកភ្លើងហ្វាខាងមុខនេះ។

width=434

កាលដែលបានតាមប្រមាញ់    និងចាប់សាកសួរហើយនោះ  ក្រុមមន្រ្តីប៉ូលីសពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលបានឃើញក្មេងប្រុសតូចវ័យ ៧ ឆ្នាំ ជាអ្នកបើករថយន្ត រីឯ បុរសដែលជាជនជាប់ចោទស្ថិតក្នុងសភាពស្រវឹងជោគនៅកៅអីក្រោយទៅវិញ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសដែលជាជនជាប់ចោទមានវ័យ៤១ ឆ្នាំ (មិនទាន់ស្គាល់ឈ្មោះ)  ត្រូវរងការចោទប្រកាន់ និង ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ពីបទ បើកបរក្នុងសភាពគ្រោះថ្នាក់  ខណៈអោយក្មេងប្រុសតូចបើកជំនួស  និងពីបទផឹកគ្រឿងស្រវឹង ហើយបើកបរ។

យ៉ាងណាមិញ បើយោងតាមសម្តីលោករដ្ឋមន្រ្តី Scott Emerson មកពីក្រសួងសាធារណៈការ ប្រចាំរដ្ឋមួយនេះ អោយដឹងថា លោកពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលទទួលបានព័ត៌មានមួយនេះ។ ជាសំណាងល្អ គ្មាននរណាម្នាក់ រងរបួស។គាត់បន្ថែមថា ៖ ក្មេងតូចមិនគ្រប់អាយុ មិនមានសមត្ថភាពផ្លូវកាយ ក៏ដូចជា  ផ្លូវចិត្តអោយបានគ្រប់គ្រាន់នៅឡើយនោះទេ ក្នុងការបញ្ជាយានយន្ត ហើយពួកយើងពិតជាមានក្តីកង្វល់ជាខ្លាំង ទៅលើករណីមួយនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ