សា្មតហ្វូនម៉ូដែលសាកល្បងជំនាន់ថ្មីរបស់ Apple បង្ហាញខ្លួនជាមួយនឹងអេក្រង់ដែលអាចបង្ហាញអំពីព័ត៌មាន និងដំណើរការកម្មវិធីពិសោធមួយចំនួន ជំនួសឱ្យប្រព័ន្ធប្រតិបត្តិ iOS។
ព័ត៌មានចចាមអារ៉ាមស្ដីអំពី iPhone 7 បានបង្ហាញខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលកន្លង ជាមួយនឹងរូបភាពបែកធ្លាយ ប៉ុន្តែ វីដេអូដែល TechTastic បានចុះផ្សាយកាលពីពេលថ្មីៗនេះ គឺជាវីដេអូ ដំបូងបង្ហាញអំពីម៉ូដែលសាកល្បងដែលអាចដំណើរការបាន។ ព័ត៌មានបានបង្ហាញថា ស្មាតហ្វូនេះ មានរូបរាងជាផលិតផលសម្រេច ប៉ុន្តែ សបវ៉ែររបស់វា មិនទាន់ជាកំណែផ្លូវការនៅឡើយ។

ម៉ូដែល iPhone 7 នេះ ត្រូវបានបំពាក់សបវ៉ែរសាកល្បងរបស់ Apple ដែលមានឈ្មោះថា SwitchBoard។ និមិត្តសញ្ញារបស់បណ្ដាកម្មវិធី បង្ហាញខ្លួននៅលើផ្ទាំងពណ៌ខ្មៅ ប្រអប់បង្ហាញអំពីស្ថានភាពថ្ម ត្រូវបានរចនាធំជាងមុន និងបង្ហាញខ្លួនទៅតាម % នៃថាមពលថ្ម។ ក្នុងវីដេអូ ស្មាតហ្វូននេះត្រូវបានបើកមុខងារពិនិត្យមើលកាមេរ៉ា ក្នុងនោះមានប៊ូតុងពីរដែលមានពណ៌ខៀវ និងក្រហម ប៉ុន្តែមិនទាន់មានប៊ូតុងចុចថតរូប។
ស្មាតហ្វូនកំណែសាកល្បងនេះ មានរូបរាងប្រហាក់ប្រហែលនឹង iPhone 6s ប៉ុន្តែ ខ្សែអង់តែននៅផ្នែកខាងខ្នងរបស់វា ត្រូវបានរើទៅដាក់នៅផ្នែកខាងលើរបស់ទូរស័ព្ទ ចំណែកបណ្ដុំកាមេរ៉ា ត្រូវបានគេធ្វើឱ្យធំជាងមុន និងនៅតែលយ។ ក្រៅពីអក្សរ iPhone បណ្ដាព័ត៌មានផ្នែកខាងក្រោមនៃខ្នងទូរស័ព្ទ ត្រូវបានគេបិទបាំង។ ម៉ូដែល iPhone 7 សាកល្បងនេះ ក៏បញ្ជាក់ថា Apple នឹងបំបាត់រន្ធដោតកាស 3,5 mm នៅលើផលិតផលថ្មីរបស់ខ្លួន។
គួររំលឹកថា បណ្ដាព័ត៌មានចចាមអារ៉ាមកន្លងមក ឱ្យដឹងថា ក្រុមហ៊ុនអាមេរិកនេះនឹងបំពាក់ឱ្យ iPhone 7 នូវអូប៉ាល័រភ្លោះ និងបច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹកបានល្អជាងមុន។ ស្មាតហ្វូននេះ អាចនឹងប្ដូរប៊ូតុង Home បច្ចុប្បន្ន ទៅជាប៊ូតុងថាច់ ប៉ុន្តែ បណ្ដារូបភាព និងវីដេអូកន្លងមក មិនបានឱ្យដឹងច្បាស់អំពីមុខងារនេះ។
យោងតាមព័ត៌មានរបស់ “មេដំណឹងចចាមអារ៉ាម” Evan Blass ស្មាតហ្វូន iPhone 7 អាចត្រូវបានគេដាក់ឱ្យបញ្ជាទិញ ចាប់ពីថ្ងៃទី ៩កញ្ញា ហើយនឹងចាប់ផ្ដើមមកដល់ដៃអ្នកប្រើប្រាស់ ចាប់ពីថ្ងៃទី ១៦កញ្ញាខាងមុខ។
ប្រែសម្រួល ៖ បុត្រា