កាលពីថ្ងៃទី ៩កន្លងទៅ តុលាការកូរ៉េខាងត្បូងបានសម្រេចដាក់ទោស ៦ឆ្នាំចំពោះទាហានអាមេរិកម្នាក់ពីបទរំលោភនារីអនិតិជនកូរ៉េខាងត្បូងកាលពីឆ្នាំទៅ។

យោងតាមតុលាការខណ្ឌ Uijeongbu នៅ Seoul ទាហានឈ្មោះ Kevin Robinson អាយុ ២១ឆ្នាំ បានប្រព្រឹតបទល្មើសដោយរំលោភនារីកូរ៉េខាងត្បូងម្នាក់ កាលណោះនាងមានអាយុ ១៧ឆ្នាំ នៅក្នុងផ្ទះរបស់នាងនៅឯក្រុង Seoul កាលពីឆ្នាំ ២០១១ នេះបើតាមការអោយដឹងរបស់អ្នកនាំពាក្យតុលាការ។
បច្ចុប្បន្ន អាមេរិកមានទាហានប្រមាណជា ២៨.៥០០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយបទ ល្មើសដែលទាក់ទឹននឹងពួកគេបានធ្វើអោយផ្ទុះឡើងនូវគំនិតប្រឆាំងអាមេរិកក្នុងចំណោមប្រជាជន កូរ៉េខាងត្បូង។
គួររំឭកថា កាលពីឆ្នាំមុន ទាហានអាមេរិកម្នាក់ផ្សេងទៀតក៏ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ១០ឆ្នាំពីបទរំលោភនារីអាយុ ១៨ឆ្នាំម្នាក់នៅក្នុងក្រុង Dongducheon ក្បែរព្រំដែនកូរ៉េខាងជើង។ជំនួយការរបស់រដ្ឋមន្ដ្រីការបរទេសអាមេរិក Kurt Campbell បានផ្ញើការសុំទោសចំពោះករណីនោះ។
ចំណែកករណីថ្មីបំផុតនេះ ទាហានអាមេរិកម្នាក់ឈ្មោះ Robinson បានផឹកស្រារួមជាមួយនារីរងគ្រោះនៅក្នុងយប់កើតហេតុនៃការចាប់រំលោភនោះ។ នៅក្នុងសាលក្រំកាត់ទោសនេះបាននិយាយថា Robinson បានយកចំណេញនៅពេលនារីរងគ្រោះបានស្រវឹងស្រា។
គេនៅមិនទាន់ដឹងថា Robinson នឹងប្ដឹងឧទ្ធរណ៍ដែរ ឬអត់។ ប៉ុន្ដែតាមការអោយដឹងរបស់អ្នកនាំពាក្យតុលាការ ទាហាននេះបានបដិសេធការចាប់រំលោភ ជនល្មើសនេះបានថ្លែងថា ខ្លួនគ្រាន់តែប៉ះពាល់រាងកាយខាងក្រៅតែប៉ុណ្ណោះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT