ភ្នំពេញៈ តារាសម្តែងរាងខ្ពស់ស្រឡះ ដែលបានបោះជំហានចូល ប្រឡូកក្នុងវិស័យ សិល្បៈជាយូរឆ្នាំ លោក អូន ឧស្សាហ៍ ក្នុងមួយរយៈ ពេលចុងក្រោយនេះ គេសង្កេតឃើញ មានការមមាញឹក ជាមួយការងារស្ទើរដកឃ្លា មិនរួចទាល់តែសោះ ។ ក្រៅពីការងារសិល្បៈថ្មីៗនេះ លោកក៏ទើបតែទទួល បានតំណែងថ្មីមួយទៀត ប្រចាំនៅ ផលិតកម្មមហាហង្ស គឺក្លាយជាអ្នកគ្រប់គ្រង តារាសម្ដែង និងមានពេលខ្លះលោក អ្នកអ្នកដឹកនាំសម្ដែង ផ្ទាល់ផងដែរ ។

ជួបជាមួយ LookingTODAY កាលពីពេលថ្មីៗនេះ លោក អូន ឧស្សាហ៍ បានប្រាប់ឲ្យដឹងថា បច្ចុ-ប្បន្នការងារ របស់លោក មមាញឹកច្រើនគួរសម ទាំងការសម្តែង និងបន្ថែមការងារថ្មីមួយទៀត គឺទើបតែទទួល បានតំណែងថ្មី នៅផលិតកម្មមហាហង្ស ដោយលោកបានធ្វើការនេះ រយៈពេលជិត៦ខែ គ្រាន់តែការងារនេះលោកមិន បានបើកចំហរតែប៉ុណ្ណោះ ។

តារាសម្តែងល្បីឈ្មោះ លោក អូន ឧស្សាហ៍ បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនេះខ្ញុំ មានតួនាទីជាអ្នកគ្រប់គ្រង តួសម្តែងរឿងនៅ មហាហង្ស ។ ដោយខ្ញុំគ្រាន់តែជ្រើសរើស តួបែបណាមកសម្តែង ​ នៅក្នុងរឿងនេះ  ហើយតួហ្នឹង  ត្រូវសម្តែងជាតួអង្គអ្វី នៅក្នុងរឿង។ ខ្ញុំធ្វើការនេះ បានប្រហែលជា ៥-៦ ខែហើយ ។តារាសម្តែងរូបសង្ហា សាច់ដុំធំរូបនេះ បានប្រាប់ឲ្យដឹង បន្ថែមទៀតថា ការងារលើកទី១ ដែលលោកបាន ធ្វើការសម្រេចដោយ លោកបានជ្រើសរើស តួសម្តែងក្នុងរឿង “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” ដែលខាងផលិតកម្ម ទើបតែក្រុងពាលីចាប់ផ្តើមថតថ្មីៗនេះ ។ នៅក្នុងរឿងនេះតម្រូវឲ្យ តួចេញទៅសម្តែងនៅ ក្រៅប្រទេសថែមទៀតផង ។

លោក អូន ឧស្សាហ៍ បានប្រាប់ឲ្យដឹងទៀតថា ដំបូងឡើយមុននឹងខ្ញុំ បានក្លាយជាអ្នកគ្រប់គ្រង គឺខ្ញុំធ្លាប់សម្តែងរឿង មួយឲ្យខាងផលិតកម្ម រឿង អម្ភូតហេតុស្នេហ៍ ហើយក្រោយមក ខាងម្ចាស់ផលិតកម្មបង សុភិន គាត់មើលឃើញ ពីការងារបស់ខ្ញុំ។ ម្យ៉ាងខ្វះអ្នកធ្វើការ ផ្នែកនេះទៀត ទើបគាត់ផ្តល់ឱកាសឲ្យខ្ញុំ បានធ្វើការនេះ និងណែនាំប្រាប់ខ្ញុំបន្ថែម បូករួមជាមួយអាជីពសិល្បៈ ដែលខ្ញុំប្រឡូកជាច្រើនឆ្នាំ ទើបធ្វើឲ្យខ្ញុំអាចធ្វើការ នេះបានយ៉ាងល្អ និងគ្មានការលំបាក ។

ជាមួយគ្នានោះដែរ លោក អូន ឧស្សាហ៍ ក៏បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅ មួយរយៈពេលមុន លោកមានការមមាញឹកខ្លាំងណាស់ មិនមានពេល ទំនេរទទួលយក ការងារច្រើនទេ ដោយសារតែគ្រាមុន លោកត្រូវចំណាយ ពេលមួយអាទិត្យ ពេញក្នុងការថតរឿង។ ដូច្នេះនៅពេលមាន ខាងផលិតកម្ម ទាក់ទងហៅថតស្ពត ឬក៏ថតខារ៉ាអូខេ លោកមិនបានទទួលទេ ។

លោក អូន ឧស្សាហ៍ និយាយថា ពេលខ្លះខ្លាចចិត្តពួកគាត់ណាស់ តែពេលដែលខ្ញុំ មិនបានទទួលការងារ ដោយសារតែខ្ញុំរវល់ខ្លាំង។ ខ្ញុំជឿជាក់ថាពួកគាត់ នឹងយល់។ និយាយតាមពិត ទៅខ្ញុំខ្លាចណាស់ ខ្លាចពេលគេហៅថតហើយ ខ្ញុំមិនបានទៅ ខ្លាចគេថាវាយឫក តែពេលនេះបើសិនជាមាន ខាងផលិតកម្មទាក់ទង គឺខ្ញុំមានពេលទំនេរ អាចឆ្លៀតទៅថតបាន ។ តែបើដល់ពាក់កណ្តាលខែនេះ គឺខ្ញុំត្រូវរវល់វិញព្រោះ ត្រូវចេញទៅថតរឿង “ម៉ីនុយធ្នាក់អន្ទាក់ស្នេហ៍” នៅប្រទសថៃកន្លះ ខែទើបត្រឡប់មកវិញ ៕

width=500

width=500

width=500

width=500

width=500

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល