យោងតាម Android Central ម៉ូដែលស្មាតហ្វូនថ្មីបំផុតរបស់ក្រុមហ៊ុន Xiaomi គឺ Mi Note ត្រូវបានលក់ដាច់អស់ពីឃ្លាំង ក្នុងរយៈពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ កាលពីព្រឹកម្សិលមិញ (ថ្ងៃទី ២៧មករា)។

/

ស្មាត​ហ្វូន​ថ្មី Xiaomi Mi Note

ស្មាតហ្វូន Mi Note និង Mi Note Pro ដែលមានរចនារូបរាងស្រស់ស្អាត ត្រូវបានក្រុមហ៊ុនចិន Xiaomi ឧទ្ទេសនាមមុននេះ ២សប្ដាហ៍។ យោងតាមគម្រោងរបស់ Xiaomi ស្មាតហ្វូន Mi Note Pro នឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីខែមិនាខាងមុខ ហើយ Mi Note ត្រូវបានបញ្ចេញលក់ជាលើកទីមួយ កាលពីម្សិលមិញ។ ប្រការដែលគួរឱ្យភ្ញាក់ផ្អើល គឺថា បរិមាណសរុបនៃស្មាតហ្វូន Mi Note ដែលត្រូវបានដក់លក់លើកទីមួយ ត្រូវបានអតិថិជន ទិញអស់ក្នុងរយៈពេលត្រឹមតែ ៣នាទី។ នេះ គឺពិតជាជោគជ័យដ៏ធំរបស់ក្រុមហ៊ុនទូរស័ព្ទទើបលេចធ្លោ Xiaomi ។

គេមិនទាន់ដឹងប្រាកដថា មានឧបករណ៍ចំនួនប៉ុន្មាន ត្រូវបានលក់ចេញ ប៉ុន្ដែ Xiaomi បានទទួលការបញ្ជាទិញចំនួន ២២០លានលើក សម្រាប់ស្មាតហ្វូន Mi Note ។ ចំនួននេះ បានបញ្ជាក់ថា Xiaomi កំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់អ្នកប្រើប្រាស់នៅចិន និងនៅទូទាំងពិភពលោក។

/

Xiaomi Mi Note គឺជាហ្វាប្លេត ថ្មី ដែលទើបត្រូវបានបញ្ចេញលក់ ឧបករណ៍នេះ ប្រើប្រាស់គ្រឿងម៉ាស៊ីនប្រភេទខ្លាំង ប៉ុន្ដែ មានតម្លៃទាបសមរម្យ។ Xiaomi Mi Note មានអេក្រង់ ៥.៧អ៊ិន្ឈ៍ រីសូលូសឹន Full HD ប្រូសេសឺរ Snapdragon 801 និង RAM 3GB។ តម្លៃរបស់ស្មាតហ្វូននេះ គឺ ២.៣០០យ័ន ប្រហែល ៣៦៨ដុល្លារអាមេរិក៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet