បាងកក៖ ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកសន្តិសុខជាតិថៃ អះអាងថា ឃ្លីបវីដេអូ របស់ក្រុមភេរវកម្ម អាល់កៃដា គំរាមសម្លាប់អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ជាឃ្លីបកែ្លក្លាយ និងត្រៀមធ្វើការទំនាក់ទំនងយ៉ាងសម្ងាត់ ទៅ អន្តរជាតិ ស្វែងរកចាប់ខ្លួនជនល្មើស។
យោងតាមគេទំព័រ Thai News ថ្ងៃ ចន្ទ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា លោកប្រាឆា ព្រហ្មណក ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកសន្តិសុខជាតិថៃ បានថ្លែងអំពីករណីមានអ្នកផ្សព្វផ្សាយ ឃ្លីបវីដេអូ ដែលអះអាង ថា ជាក្រុមភេរវកម្មអន្តរជាតិ អាល់កៃដាគំរាមសម្លាប់ អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ ថា បន្ទាប់ពី មានការត្រួតពិនិត្យឃ្លីបវីដេអូ ខាងលើយ៉ាងល្អិតល្អន់អ្នកជំនាញបានអះអាងថា មិនមែនជាក្រុមភេរវកម្មអាល់ កៃដា នោះទេហើយការបង្កើតឃ្លីបនេះ ឡើងក៏ដើម្បី បង្កើតស្ថានការណ៍ ឲ្យមានភាពច្របូកច្របល់ ទាំងនៅ ក្នុងប្រទេស និង ក្រៅនេះប្រទេស។
លោក ប្រាឆា បានបញ្ជាក់ថា ឃ្លីបវីដេអូខាងលើ ត្រូវបានធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីធឺណែត ទូទាំងប្រទេស និង មានការលំបាក ក្នុងការកំណត់ប្រភពច្បាស់លាស់ ចំណែក មុខមាត់បុគ្គលនៅក្នុងឃ្លីប ក្រុមជំនាញ បាន កំណត់មុខសញ្ញាបានហើយ តែមិនអាចប្រាប់បាននោះឡើយ ព្រោះជារឿង សន្តិសុខជាតិ។ បច្ចុប្បន្នភាគីថៃ បានធ្វើការទំនាក់ទំនង ជាសម្ងាត់ ដើម្បីសុំទិន្នន័យពីស្ថាប័នអន្តរជាតិ សម្រាប់ការចេញមុខ ធ្វើការឆ្លើយតប របស់ក្រុម អាល់កៃដា យ៉ាងណានោះទេ នៅមិនទាន់មាន នៅឡើយនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល