ម៉ូដែលស្មាតហ្វូនក្លែងក្លាយខាងលើនេះ ត្រូវបានដាក់លក់ជាមួយនឹងរូបរាង​ដែលដូចទៅនឹង iPhone 7 Plus Pro ពណ៌ Rose Gold និងកាមេរ៉ាគូនៅពីក្រោយខ្នង។

/

គេត្រូវរង់ចាំដល់ទៅពីរខែទៀត ទើប iPhone ជំនាន់ថ្មីបង្ហាញខ្លួន។ ប៉ុន្តែ ក្រុមអ្នកផលិតនៅចិន បានប្រញាប់បញ្ចេញផលិតផលក្លែងក្លាយរួចទៅហើយ។ យោងតាមទំព័រ Gizchina ក្នុងទីផ្សារ បានចាប់ផ្ដើមឃើញមាន​ស្មាតហ្វូន​ដែលមានរូបរាង​ដូចទៅនឹង​ដំណឹងចចាមអារ៉ាម​របស់​ iPhone 7។ ខ្សែអង់តែននៅខាងខ្នង​ត្រូវបានលាក់ ឬកាមេរ៉ាគូ សុទ្ធតែបង្ហាញខ្លួននៅលើ “iPhone” ចិន។

យ៉ាងនេះក្ដី ក៏នៅមានចំនុចខ្លះដែលអាចបែងចែក iPhone ពិត និង iPhone ក្លែងក្លាយ។ ស្មាតហ្វូន iPhone 7 ក្លែងក្លាយ នឹងមិនប្រើប្រព័ន្ធប្រតិបត្តិ iOS នោះទេ​ ជំនួសមកវិញ វាប្រើ Android ដោយអ៊ីនធឺរហ្វេសត្រូវបានកែប្រែ ឱ្យដូចទៅនឹង iOS របស់ Apple។ ជួរអក្សរនៅសម្បកខាងខ្នង មានសរសេរ Designed by Taiwan, Made in China មិនមែន Design by Apple in California, Assembled in China នោះទេ។

ការដែល iPhone ឬ iPhone 7 មិនទាន់ចេញ តែមានផលិតផលក្លែងក្លាយ គឺជារឿងធម្មតា នៅទីផ្សារចិន។ ថ្មីៗនេះ Apple ក៏ត្រូវបានក្រុមហ៊ុនចិន ប្ដឹងមិនឱ្យលក់ iPhone 6 នៅក្រុងប៉េកាំង ក្រោមបទចោទថា បានរំលោភលើកម្មសិទ្ធិបញ្ហារបស់ម៉ូដែលស្មាតហ្វូនតម្លៃទាប​មួយរបស់ចិន។

ប្រែសម្រួល ៖ តារា