កាលពីថ្ងៃម្សិលមិញ ប៉ុស្តិ៍ទូរទស្សន៍មួយរបស់អាមេរិច បានធ្វើការផ្សាយបន្តផ្ទាល់ការដេញតាមចាប់ជនសង្ស័យលួចរថយន្តម្នាក់ ហើយថតទាំងជននោះដកកាំភ្លើងបាញ់សម្លាប់ខ្លួន ដែលបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជន។
សាខា Fox News នៅ Phoenix រដ្ឋ Arizona បានប្រើឧទ្ធម្ភាគចក្រដើម្បីតាមដានការដេញតាមចាប់ចោរ និងផ្សាយបន្តផ្ទាល់ដល់ទស្សនិកជន។ តាម AFP, វីដេអូដែលថតបាន បង្ហាញថាប៉ូលិសបានដេញតាមជនសង្ស័យលួចរថយន្តមួយ ជាមួយល្បឿន 175 km/h ក្នុងរយះពេលជាងមួយម៉ោង។

រូបភាពនៃជនសង្ស័យរត់ចេញពីរថយន្ត (ថតពីវីដេអូ)
ជនសង្ស័យបើករថយន្ត Dodge Caliber ពណ៌ក្រហមចាប់ពីផ្លូវ Highway ហើយបត់ចូលតំបន់គុម្ពោតព្រៃក្រាស់ជាយ Salome ភាគខាងលិច Phoenix។ ជនសង្ស័យពាក់អាវកីឡា បានចុះពីរថយន្ត ហើយរត់គេច។ បន្ទាប់មកជនម្នាក់នេះបានបត់ចូលគុម្ពោតព្រៃមួយ ដកកាំភ្លើងខ្លីចេញ ភ្ជង់ត្រង់សៀតផ្កាខាងស្តាំ រួចបាញ់សម្លាប់ខ្លួន ដួលនឹងកន្លែងតែម្តង។
ក្រោយមក អ្នកផ្សាយបន្តផ្ទាល់កម្មវិធីបានធ្វើការសុំទោសដល់ទស្សនិកជន ព្រោះមិនបានកាត់ត្រង់ឈុតគួរឲ្យតក់ស្លុតខាងលើនេះចេញ។ “ពួកយើងពិតជាឥតបានការមែន។ ពួកយើងសុំទោសអ្នកទាំងអស់គ្នាយើងមិនឲ្យមានរឿងដូច្នេះកើតមានទៀតឡើយ”, អ្នកផ្សាយបន្តផ្ទាល់កម្មវិធីនេះបាននិយាយដូច្នេះ ៕
ដោយ៖ សិលាប្រភព៖ VE