ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះពាក្យសម្តីរិះគន់ និងចោទប្រកាន់មិនសំចៃមាត់ ដែលបង្ហោះជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នៅលើ Account “Say Rathanak” ដោយនេះជាលើកទីពីរហើយ ដែលពិធីករល្បីឈ្មោះប្រចាំកម្មវិធី “រាត្រីកម្សាន្ត” លោក សាយ រតនៈ ត្រូវបានគេ កាត់តរូបភាពអាសអាភាស ទម្លាយពីទំនាក់ទំនងស៊ីជម្រៅ របស់លោកជាមួយ និស្សិតស្រីម្នាក់រហូតមានកូន ។ តែព័ត៌មាននេះចេញផ្សាយ មិនទាន់បានប៉ុន្មានផង ក៏ត្រូវបានបុរសសង្ហាររូបនេះ ប្រញាប់ចេញមុខច្រានចោលភ្លាមៗថា វាជារឿងមិនពិត ហើយមានអ្នកចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ។
ក្រោយពី Looking TODAY បានធ្វើការចុះផ្សាយរឿងរបស់ លោក សាយ រតនៈ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានចំណងជើងថា “សាយ រតនៈ ធ្វើឲ្យនិស្សិតស្រីមានផ្ទៃពោះ រួចបោះបង់ចោល ត្រូវគេបកអាក្រាតតាម Facebook” រួចមិនបានពីរថ្ងៃស្រួលបួលផង ក៏ត្រូវបានពិធីករសម្បូរសាច់ដុំ លោក សាយ រតនៈ ចេញមុខច្រានចោលព័ត៌មាននេះ ដាច់ខាតថារឿងនេះមិនមែនជាការពិត ហើយលោកក៏មិនបានប្រព្រឹត្តអំពើខុសប្រពៃណី ដោយធ្វើឲ្យនារីវ័យក្មេងជានិស្សិតណាម្នាក់ ខូចខ្លួនប្រាណរហូតមានកូនជាមួយគ្នា ហើយលោកដោះដៃមិនទទួលស្គាល់នាង និងថែមទាំងឲ្យនាងរំលូតកូនចោលទៀត បើស្តាប់ទៅលោកហាក់បីដូចជាអាក្រក់ខ្លាំងណាស់ មិនសមជាបុរសនោះទេ ប៉ុន្តែជុំវិញការបង្ហោះ ពាក្យសម្តីដោយចោទប្រកាន់លោកនោះ វាគឺជារឿងមិនពិតហើយរឿងនេះ គឺវាធ្វើឲ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោកខ្លាំងណាស់ ។
លោក សាយ រតនៈ បានទូរស័ព្ទមកបកស្រាយប្រាប់ Looking TODAY ដោយផ្ទាល់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៣ នេះថា លោកពិតជាហួសចិត្តខ្លាំងណាស់ នៅពេលមានព័ត៌មានការបែកធ្លាយ ការចោទប្រកាន់មកលើលោក ដោយមានគេយកឈ្មោះ របស់លោកទៅបង្កើត Account Facebook ក្លែងក្លាយហើយបង្ហោះរូបភាពអាសអាភាស និងសរសេរពាក្យសម្តីមិនពិតជាច្រើន វាយប្រហារមកលើលោកហើយសម្រាប់អ្នកដែល សរសេរពាក្យសម្តីនោះ លោកដឹងថាមិនមែនជាមនុស្សស្រីទេ គេគឺជាមនុស្សប្រុសម្នាក់ ដែលគេមានបំណង ចង់វាយប្រហារកេរ្តិ៍ឈ្មោះរបស់លោក ចង់ធ្វើឲ្យលោកធ្លាក់ប្រជាប្រិយភាពតែប៉ុណ្ណោះ ។
តារាសម្តែង និងជាពិធីកររូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ សម្រាប់រឿងដែលគេចោទប្រកាន់មកលើខ្ញុំថា មានទំនាក់ទំនងស៊ីជម្រៅ ជាមួយមនុស្សស្រីម្នាក់ទៅម្នាក់ រហូតមានកូនហើយដោះដៃ ពីគេនោះវាជារឿងមិនពិតទេ តាមពិតទៅវាជារឿងដែលបុរសម្នាក់គេប្រឌិតឡើង ក្នុងគោលបំណងចង់ទម្លាក់ប្រជាប្រិយភាពខ្ញុំ នៅក្នុងសិល្បៈធ្វើឲ្យទស្សនិកជន យល់ច្រឡំតែប៉ុណ្ណោះ ហើយខ្ញុំសុំបញ្ជាក់តាមរយៈគេហទំព័រ Looking TODAY ថា Account Facebook របស់ខ្ញុំពិតប្រាកដគឺឈ្មោះថា “ Say Rattanak (សាយ រតនៈ)” នេះជាឈ្មោះពិត Account ពិត របស់ខ្ញុំដោយមានរូបជិះម៉ូតធំ ” ។
លោកបានប្រាប់បន្ថែមទៀតថា លោកគិតថាទស្សនិកជន បា្រកដជាដឹងហើយថាការបង្កើត Account Facebook មួយ គឺវាមិនពិបាកទេបើសិនជាយើង ចង់បង្កើតវាឡើង ដើម្បីវាយប្រហារធ្វើបាប ទៅលើបុគ្គណាម្នាក់នោះដោយគេគ្រាន់តែ សរសេរឈ្មោះបុគ្គលនោះ និងយករូបថតរបស់គេ ទៅដាក់ហើយគេអាចប្រើ ពាក្យសម្តីគ្រប់យ៉ាងឲ្យ តែគេចង់ប្រើនិងធ្វើឲ្យគេខូចខាតកេរ្តិ៍ឈ្មោះ “ ជាក់ស្តែងរូបខ្ញុំជាអ្នកសិល្បៈ ខ្ញុំក៏មិនដឹងថាមានអ្នកណាខ្លះ ស្រលាញ់ឬស្អប់ទេ ដូច្នេះគេអាចប្រើបណ្តាញមួយនេះ វាយប្រហារខ្ញុំពេលណាក៏បានដែរ ប៉ុន្តែខ្ញុំសុំប្រកាសជាសាធារណៈ ចង់ឲ្យទស្សនិកជនអ្នកគាំទ្រខ្ញុំ ទាំងអស់ដឹងថាខ្ញុំមាន Account Facebook តែមួយគត់ដែលមានឈ្មោះ ដូចខ្ញុំប្រាប់ខាងលើនេះហើយសម្រាប់ Account Facebook ផ្សេងពីនេះ មានព័ត៌មានអ្វីក៏ដោយខ្ញុំ សុំច្រានចោលទាំងស្រុងព្រោះថាវាជារឿងមិនពិត ” ៕



![src=http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/September/id-030/Kosal-0193.jpg width=470]()
ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល