ព័ត៌មានជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា ករណីបាញ់ប្លន់ យកម៉ូតូមួយបានកើតឡើង កាលវេលាម៉ោង ២២ និង ០៥ នាទីយប់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១២ នេះដោយក្រុមប្រដាប់អាវុធ មួយក្រុម   មានគ្នាបីនាក់  កាំភ្លើងខ្លីម៉ាក K54  មួយដើម  បានមកធ្វើសកម្មភាព  ភ្ជង់បាញ់ប្លន់ យកម៉ូតូសេ ១២៥ ស៊េរី ២០១២ ពីយុវជន បីនាក់ ដែលកំពុងអង្គុយផឹកស៊ី នៅក្រោមដើមឈើ ក្រោយវិទ្យាល័យផ្សារដើមថ្កូវ ​​តាមបណ្តោយផ្លូវលេខ ១៥៥ កែងផ្លូវលេខ ៤៨៦ ទល់មុខហាងជួបមិត្ត ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

width=472

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានអោយដឹងថា យុវជនដែលរងរបួសដោយក្រុមចោរ បាញ់ ប្រហារ ខាងលើនេះមានឈ្មោះ ប្រុស អាយុ២០ ឆ្នាំ ជាកម្មករសំណង់ និងមិត្តភក្តិពីរនាក់ទៀតទី១ ឈ្មោះ មឿន ឡូត ភេទប្រុស អាយុ ២១ ឆ្នាំ និងទី ២ ឈ្មោះ ដំ ភេទប្រុស អាយុ ២៤ឆ្នាំ។  បើតាមសម្តីយុវជនឈ្មោះ មឿន ឡូត បានរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុខ្លួននិងមិត្តភក្តិបានអង្គុយផឹកស៊ី ​ នៅក្រោយដើមឈើជាប់របងវិទ្យាល័យផ្សារដើមថ្កូវ ខណៈផឹក ស្រវឹងនោះ  ស្រាប់តែមានជនសង្ស័យបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាក សេ ១១០ ពណ៌ខ្មៅ  មកឈប់ក្បែរខ្លួនហើយសួរពួកខ្លួនថា មានស្គាល់សាលាទួលទំពូងអត់ ដោយពួកខ្លួន បានឆ្លើយ ថាមិន ស្គាល់នោះ បានមួយសន្ទុះជនសង្ស័យទាំងបីនាក់ ក៏បានដកកាំភ្លើងម៉ាក K 54 ពីចង្កេះមក ភ្ជង់លើឈ្មោះ ប្រុស ហើយគំរាម ឲ្យពួកខ្លួនប្រគល់សោ ម៉ូតូទៅឲ្យពួកគេ ប៉ុន្តែឈ្មោះ ប្រុស មិនព្រមឲ្យក្រុម ជនសង្ស័យក៏បានបាញ់មួយគ្រាប់ចំដើមទ្រូងខាង ស្តាំរបស់ឈ្មោះ ប្រុស បណ្តាលឲ្យដួល បោកខ្លួនទៅនឹង ថ្នល់ រងរបួសធ្ងន់ធ្ងរ ។  ក្រោយពីបាញ់មួយគ្រាប់រួចមកនោះ ជនសង្ស័យ ទាំងបីនាក់ បានដណ្តើមយក ម៉ូតូជិះរត់ គេចខ្លួន បាត់ស្រមោស តែម្តងទៅ ។ ភ្លាមៗនោះមិត្តភក្តិជនរងគ្រោះបាន  ដឹកជនរងគ្រោះ  តាមម៉ូតូយកទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ។

គួរបញ្ជាក់ផងដែរថា​ ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានហៅឈ្មោះ មឿន ឡូត មកកាន់ទីស្នាក់ប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីធ្វើការសាកសួរ ពីករណីប្លន់ ប្រដាប់អាវុធខាង លើនេះឲ្យបានច្បាស់ ៕

ដោយ ៖ រិទ្ធីកែសម្រួលអត្ថបទពី ៖ Dap