ប៉ាគីស្ថាន ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា នៅឯប្រទេសប៉ាគីស្ថានឯណោះវិញ សោកនាដកម្មដ៏រន្ធត់មួយត្រូវបានកើតឡើង បន្ទាប់ពីមានការផ្ទុះកំប៉ុងហ្គាស រថយន្តដឹកសិស្ស (minivan) ដោយបានសម្លាប់សិស្សសាលាដល់ទៅ ១៦ នាក់ និងគ្រូបង្រៀនម្នាក់ផ្សេងទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឧបទ្ទេវហេតុ ដែលជាសោកនាដកម្ម ដ៏គួរអោយរន្ធត់ មួយនេះមិនត្រឹមតែបានបណ្តាលអោយមនុស្ស ១៧ នាក់ស្លាប់នោះទេ តែក៏បានបណ្តាលអោយមនុស្ស ១០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់នឹងស្រាលផងដែរ នេះបើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក លោក Nadeem Ulla ។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសដដែលរូបនេះ បន្ថែមថា មូលហេតុដែលបានបណ្តាលអោយ ផ្ទុះនូវកំប៉ុងហ្គាសមួយនេះ អាចមកពីការកើនឡើងនៃសីតុណ្ហភាពខ្លាំងពេក ពោលគឺ សីតុណ្ហភាពកើនលើសពី ៣៨ អង្សាសេ ទៅទៀត ខណៈពេលកើតមានឡើងនូវឧបទ្ទេវហេតុ ដ៏រន្ធត់មួយនេះ ហើយពួកយើង មិនសង្ឃឹមថា វាគឺជាការលលេងណាមួយនោះទេ។
គួររំឭកផងដែរថា ការបង្កើតបាននូវឧស្ម័នធម្មជាតិ ត្រូវបានប្រើជាប្រេងឥន្ទនៈជំនួសអោយប្រេងសាំង ក៏ព្រោះតែ វាអាចធ្វើអោយម៉ាស៊ីន មានថាមពល កាន់តែមានប្រសិទ្ធភាព និងមានតម្លៃថោក៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN