កុមារាម្នាក់ បានរួចផុតពីសេចក្ដីស្លាប់ បន្ទាប់ពីបានតោងកង់របស់យន្ដហោះដឹកភ្ញៀវមួយគ្រឿង នៅ នីហ្សេរីយ៉ា ដែលមានការហោះហើររយៈពេល ៣៥នាទី ប៉ុន្ដែកុមារារូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។


ទំព័រ AP ដកស្រង់សំដីរបស់អ្នកនាំពាក្យនៃក្រុមហ៊ុនអាកាសចរណ៍ Arik Airline ឱ្យដឹងថា ក្រុមអ្នកដំណើរ និងអ្នកបម្រើនៅលើយន្ដហោះ បានមើលឃើញកុមារាម្នាក់បានរត់សំដៅមកកាន់យន្ដហោះ នៅពេលវាកំពុងត្រៀមហោះឡើង ចាក់ចេញពីក្រុង Benin មកកាន់ភាគខាងត្បូងនៃប្រទេស នីហ្សេរីយ៉ា កាលពីថ្ងៃទី ២៤សីហា។ ពួកគេបានប្រាប់ដល់អ្នកបើកបរយន្ដហោះអំពីបញ្ហានេះ ដើម្បីរាយការណ៍ដល់ទីភ្នាក់ងារអាកាសចរណ៍ជាតិ។

width=379កុមារាម្នាក់នេះ ត្រូវបានចាប់ខ្លួន បន្ទាន់ពីបានតោងកង់យន្ដហោះរបស់ក្រុមហ៊ុន Arik Airline រយៈពេល ៣៥នាទី

ប៉ុន្ដែ បើទោះជាបានដឹងថា កុមារាម្នាក់នេះ កំពុងស្ថិតនៅកន្លែងណាមួយនៃផ្នែកខាងក្រោមរបស់យន្ដហោះ ក្រុមអ្នកបើកបរ នៅតែសម្រេចចិត្ដបញ្ជាឱ្យយន្ដហោះ ហើរឡើង។ Yakubu Dati អ្នកនាំ ពាក្យរបស់ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធនីហ្សេរីយ៉ា បាននិយាយថា ៖ “នៅពេលយន្ដហោះបានហោះឡើយ  កងកម្លាំងសន្ដិសុខបានធ្វើការត្រួតពិនិត្យ នៅតំបន់ក្នុងព្រលានយន្ដហោះ ប៉ុន្ដែពួកគេមិនបានរកឃើញអ្វីនោះឡើយ”។នៅពេលយន្ដហោះបានចុះចត  នៅរដ្ឋធានី  Lagos របស់  នីហ្សេរីយ៉ា  ស្រាប់តែគេឃើញកុមារាម្នាក់ដែលមានអាយុប្រហែល ១៣ឆ្នាំ លោតចុះពីប្រព័ន្ធកង់របស់យន្ដហោះ ដោយមិនមានរងរបួស អ្វីសោះ ប៉ុន្ដែកុមារានេះក៏ត្រូវសន្ដិសុខរបស់ Arik Airline ចាប់ឃាត់ខ្លួន។ជាធម្មតា បណ្ដាមនុស្សដែលលួចជិះយន្ដហោះ ដូចជាតោងកង់យន្ដជាដើម គឺមានឱកាសរួចពីសេចក្ដីស្លាប់បានតិចតួចណាស់ ដោយសារប្រព័ន្ធកង់របស់យន្ដហោះជាកន្លែងមានគ្រោះថ្នាក់។ ប៉ុន្ដែ នៅក្នុងករណីនេះ ក្រុមហ៊ុន Arik Airline ឱ្យដឹងថា ក្មេងប្រុសដែលមានសំណាងនៅមាន ជីវិតនេះ គឺដោយសារតែជើងហោះហើរនេះ មានរយៈពេលត្រឹមតែ ៣៥នាទីប៉ុណ្ណោះ ហើយយន្ដហោះនេះក៏មិនបានបង្កើនកំពស់របស់វាដល់ជាង ៧,៦០០ម៉ែត្រនោះដែរ។

/

គួររំឭកថា កាលពីខែមុន  សាកសពរបស់មនុស្សម្នាក់ដែលគេជឿថា  បានលួចជិះយន្ដហោះដោយតោងកង់ដូចគ្នានេះ  បានធ្លាក់ពីយន្ដហោះរបស់ក្រុមហ៊ុន  Air France មកលើប្រទេសសាធារណរដ្ឋ នីហ្គឺរ (Niger) នៅអាហ្វ្រិកខាងលិច។កាលពីខែកញ្ញា ឆ្នាំ ២០១២ សាកសពរបស់កម្លោះម្នាក់ ក៏បានធ្លាក់ចុះមកលើដងផ្លូវក្នុងក្រុង London ភាគខាងត្បូង។ បុរសនេះត្រូវគេស្គាល់ថា មានឈ្មោះ Jose Matada អាយុ ២៦ឆ្នាំ នៅ Mozambique មានបំណងធ្វើដំណើរដោយខុសច្បាប់ដើម្បីស្វែងរកជីវិភាពថ្មីនៅប្រទេសអឺរ៉ុប។ នគរបាលឱ្យដឹងថា បុរសនេះបានធ្លាក់ចុះពីកង់យន្ដហោះ នៅពេលយន្ដហោះត្រៀមចុះចតនៅឯព្រលានយន្ដហោះ London Heathrow ។

ដោយ ៖ តារាប្រភព ៖ AP/ thenews