ភ្នំពេញៈ នៅល្ងាចថ្ងៃនេះ ជាថ្ងៃដែលរំជួលចិត្ត សម្រាប់តារាប្រុសស្រីល្បីឈ្មោះ ជាច្រើនដួង នៅក្នុងប្រទេសកម្ពុជា ត្រៀមខ្លួន ក្នុងការទៅចូលរួមកម្មវិធី “អាណាចក្រតារា” ដើម្បីរង់ចាំអ៊ុតមើលថា តារាណាខ្លះ មានប្រជាប្រិយភាពលេចធ្លោ និងអាចក្លាយខ្លួនជាម្ចាស់ពាន់រង្វាន់ សម្រាប់ឆ្នាំ២០១៣នេះ។

នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ មានតារាជាច្រើនរយនាក់ បាននាំគ្នាទៅចូលរួម នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងកម្មវិធី អាណាចក្រតារា ដោយសិល្បករ-សិល្បការិនី ចាស់ថ្មីជាច្រើនរយនាក់ បានទៅជួបជុំគ្នានៅទីនោះ ។ មិនតែប៉ុណ្ណោះតារា ទាំងអស់នោះ បានត្រៀមជាមួយ ឈុតយ៉ាងស្រស់ស្អាត ខិតខំច្នៃម៉ូដយ៉ាងស្រស់ស្អាត បូករួមជាមួយការតុបតែងខ្លួន យ៉ាងស្រស់បំព្រងចូលរួម បង្អួតសម្រស់គ្នាក្នុងកម្មវិធីដ៏ធំនេះ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ ស្រីស្រស់សម្បុរខ្មៅស្រអែមកញ្ញា សារាយ សក្ខណាបានប្រាប់ឲ្យដឹងថា នាងមានអារម្មណ៍សប្បាយរីករាយ និងរំភើបចិត្តអស្ចារ្យជាងឆ្នាំមុន អាចនិយាយបានថា ជាឆ្នាំចុងក្រោយ ដែលនាងបានចូលរួមក្នុងកម្មវិធីនេះនាង បានត្រៀមខ្លួនក៏ដូចជាឈុតសម្រាប់ចូលរួមរួច ហើយដោយការចូលរួមនេះ នាងតុបតែងខ្លួនបែបស្រគត់ស្រគំ ជាងមុន។

ពិធីការិនីនិងជាតារាសម្តែង ស្រីរូបស្រស់កញ្ញ សារាយ សក្ខណា បានប្រាប់បន្ថែមទៀតថា “ទន្ទឹមនោះដែលខ្ញុំក៏មិនហ៊ាន និយាយថាអាចមានឱកាស បានទទួលពានដូចមុន ឫយ៉ាងណាទេ ព្រោះថាបច្ចុប្បន្នអ្នកសិល្បៈ មានសមត្ថភាពច្រើនណាស់ អាស្រ័យលើការដាក់ពិន្ទុពីទស្សនិកជន តែប៉ុណ្ណោះ”។

នៅក្នុងនោះដែរ កញ្ញា គង់ ច័ន្ទស្រីមុំ បានប្រាប់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន របស់នាងស្រដៀងគ្នាថា នាងក៏មានអារម្មណ៍ រំភើបសប្បាយចិត្ត ដូចអ្នកសិល្បៈដទៃដូចគ្នា ហើយសម្រាប់ការត្រៀមខ្លួនទៅចូលរួមនោះ គឺនាងបានត្រៀមរួចជាមួយឈុត បែបស៊ីវិល័យសម័យថ្មី ព្រោះថានាងមិនចូលចិត្ត ស្លៀកឈុតដូចទេ គឺនាងចង់ស្លៀកពាក់បែបសិចស៊ី។

ស្រីស្រស់សម្បុរសសាច់ម៉ដ្ឋរលោងរូបនេះ បានប្រាប់ទៀតថា សម្រាប់ឆ្នាំនេះ ខ្ញុំមិនរំពឹងថា អាចទទួលបានពាន់ដូចឆ្នាំមុនទេ ដោយសារតែក្នុងឆ្នាំនេះ ខ្ញុំហាក់ដូចជាឃ្លាតឆ្ងាយ ពីការងារសិល្បៈ យូរគួរសម ដូច្នេះរឿងថា បានពានឬអត់នោះ ខ្ញុំផ្ទាល់ក៏មិនច្បាស់ដែរ ។

ដោយឡែក ស្រីស្អាតសម្រស់ផូរផង់ កញ្ញា គឹម លីហ្សា ដែលជាតារាសម្តែងកំពុងទទួលបាន ប្រជាប្រិយភាពក៏បានប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួន នាងថា នាងមិនច្បាស់ក្នុងចិត្តទេ ថាតើអាចទទួលបានពានឫយ៉ាងទោះ ជាពេលនេះនាងបង្ហាញមុខច្រើន នៅក្នុងពិភពសិល្បៈ ក៏ដោយចុះ តែនាងមិនសង្ឃឹមថា អាចបានក្លាយជាម្ចាស់ពាននោះទេ ។

លីហ្សា បានប្រាប់ថា ខ្ញុំដឹងថាខ្ញុំប្រហែលជា មិនអាច បានពានទេ តែការទៅចូលរួមនេះ គឺគ្រាន់តែចង់ទៅជួបជុំជាមួយតារាទាំងអស់ មិនសំខាន់លើការលើកពានឬអត់ទេ ហើយមួយទៀតនោះ ខ្ញុំក៏ចង់ទៅសាទរជាមួយតារាដទៃដូចគ្នា ។

ដូច្នេះរង់ចាំអ៊ុតមើលទាំងអស់គ្នា នៅល្ងាចនេះថា តើតារាប្រុសស្រីរូបណាខ្លះ ដែលបានទទួលពានរង្វាន់នៅក្នុងកម្មវិធី អាណាចក្រតារា និងមានការតុបតែងខ្លួន បង្អួតភាពស៊ីវិ-ល័យដាក់គ្នា ដល់កម្រិតណានាល្ងាចនេះ៕

Looking

Looking

Looking

Looking

Looking

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល