ស្ត្រីកុលសម្ព័ន្ធ Maasai ក្នុងប្រទេស​កេនយ៉ា មិនមានសិទ្ធិយកស្វាមីតាមចិត្តនោះទេ​​ ពួកគេ​ភាគច្រើនមានគូស្រករទៅតាមការរៀបចំផ្គូផ្គងពីចាស់ទុំ។ ចំណែកពួកបុរសវិញ  បើមាន​សត្វចិញ្ចឹមកាន់តែច្រើន នឹងអាចយក​ប្រពន្ធ​បានកាន់តែច្រើន។

/

កុលសម្ព័ន្ធ Maasai រស់នៅលើ​តំបន់​វាលស្មៅដ៏ធំមួយ ជុំវិញជ្រលងភ្នំ Great Rift នៅប្រទេស កេនយ៉ា។ នៅក្នុង​តំបន់នេះ មានអាកាស​ធាតុល្អ ដីមានជីជាតិ ហើយ​ស្មៅ និងរុក្ខជាតិ​ក៏​លូតលាស់​យ៉ាងខៀវ​ខ្ចី ដូច្នេះ វាជាកន្លែងដ៏ទាក់ទាញសម្រាប់​សត្វស៊ីស្មៅជាអាហារ។

ជនជាតិនេះ រស់នៅដោយ​ប្រមូលផ្ដុំគ្នាជាភូមិ​ ហើយ​ផ្ទះរបស់ពួកគេ​ មានលក្ខណៈតូចល្មម ធ្វើអំពីលាមកគោក្របី បូកទៅលើរុក្ខជាតិ ដោយយល់​ថា លាមកគោនឹងជួយ​ដេញសត្វចង្រៃមិនឱ្យ​ចូលមកបៀតបៀន។

/

កុលសម្ព័ន្ធ Maasai មានទម្លាប់ផឹកឈាមស្រស់ នៅពេលពួកគេសម្លាប់សត្វ។ ពួកគេជឿថា ឈាមស្រស់គឺជារបស់​ប៉ូវ ដូច្នេះ អ្នកដែល​បានផឹកឈាមស្រស់ច្រើន គឺជាអ្នកក្លាហាន។

បុរស​ក្នុងកុលសម្ព័ន្ធ​នេះ តែងខ្វះធ្មេញលើ ពីមុខ មួយៗដូចគ្នា។ ពេលឈានដល់វ័យកម្លោះ បណ្ដា​បុរសត្រូវ​បាន​ហៅឱ្យទៅជុំគ្នា នៅវាលធំ ហើយមេកុល​សម្ព័ន្ធនឹងដកធ្មេញកម្លោះទាំងនោះដោយផ្ទាល់ដៃ។ នេះត្រូវ​បានចាត់ទុកថា ជាពិធីបុណ្យ​បំពេញវ័យដ៏សំខាន់មួយ។ ក្រោយពីបានកាច់ធ្មេញ កម្លោះទាំងនោះចាប់ផ្ដើមមានសិទ្ធិសម្រេចជោគវាសនា​របស់​ខ្លួន។ បើសិនបុរសណាម្នាក់ មិនទាន់កាច់ធ្មេញ ចេះត្រចៀក ពួកគេ​នឹងត្រូវ​បានគេ​ចាត់ទុកថា មិនទាន់ពេញវ័យ ហើយស្រីៗក៏នឹងមិន​យកភ្នែកមើលនោះដែរ។

/

រីឯស្រីភេទវិញ ពួកគេតែងតែកោរសក់្យត្រងោល និងពាក់គ្រឿងអលង្ការច្រើនប្រភេទដែលមានចម្រុះពណ៌។ គ្រឿងអលង្ការនៅលើរាងកាយ នឹងប្រាប់អ្នកអំពីអាយុ និងថ្នាក់ ឬងារ​របស់​ស្ដ្រីម្នាក់ នៅក្នុងគ្រួសារ។ អាយុដែលត្រូវយកប្ដី​របស់​ស្ដ្រីជនជាតិនេះ គឺចាប់ពី ១៣ ដល់ ១៦ឆ្នាំ។

កុលសម្ព័ន្ធ Maasai នៅតែរក្សា​ទម្លាប់យកប្រពន្ធច្រើន។ បុរស​ម្នាក់​អាចយកប្រពន្ធ​យ៉ាងច្រើនតាមចិត្ត ឱ្យតែមានសត្វចិញ្ចឹមច្រើន។ សត្វចិញ្ចឹមគឺជាជំនូនសម្រាប់​អាពាហ៍ពិពាហ៍របស់ពួកគេ។

/

ពិធីរៀបការរបស់ពួកគេ ត្រូវ​បានធ្វើឡើងដូចទៅនឹង​ពិធីបុណ្យធំ។ មនុស្ស​ទាំងអស់ក្នុងភូមិ ត្រូវបានអញ្ជើញឱ្យមកចូលរួមពិធីជប់លៀងថ្ងៃអាពាហ៍ពិពាហ៍។

ក្រោយពីរៀបការ និងមុនពេលទៅផ្ទះខាងប្ដី កូនក្រមុំតែងត្រូវបានចាស់ទុំ ដាក់ដើមស្មៅខ្ចីមួយដើម នៅពីមុខដើមទ្រូង ដែលតំណាងឱ្យសុភមង្គល និងស្រស់ស្រាយ។ ក្នុងពិធីរៀបការ បុរសជាឪពុកបង្កើត នឹង​ស្ដោះទឹកមាត់លើក្បាលកូនស្រីខ្លួន ជំនួសឱ្យពាក្យជូនពរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ travelplusstyle