និនចាចុងក្រោយរបស់ ជប៉ុន បញ្ចេញពីអាថ៌កំបំាងហ្វឹកហាត់របស់គាត់ក្នុងនាមជាប្រធានទី ២១ នៃបក្សសម្ពន្ធបានខ្សែស្រឡាយនិនចាមួយដែលអាចរកដានប្រវត្តិសាស្ត្រកាលពីជាង ៥០០ ឆ្នាំមុនរបស់វាបាន លោក Jinichi Kawakami ត្រូវបានចាត់ទុកដោយមនុស្សមួយចំនួនថាជាអ្នកថែរក្សាចុងក្រោយបង្អស់ដែលនៅមានជីវិតនៃក្រុមចារកម្មសម្ងាត់របស់ប្រទេសជប៉ុន។/Jinichi ប្រាប់ថា ខ្ញុំគិតថាខ្ញុំត្រូវបានហៅជា និនចាចុងក្រោយ ខណៈដែលប្រាកដជាគ្មាននរណាផ្សេងទៀតដែលបានរៀនគ្រប់ជំនាញ ដែលត្រូវបានផ្ទេរដោយផ្ទាល់ពីលោកគ្រូនិនចាអស់រយៈពេលជាងប្រាំសតវត្សរ៍ចុងក្រោយនេះនោះឡើយ។គាត់បាននិយាយថា និនចាប្រាកដជាគ្មានទៀតទេ។ សព្វថ្ងៃនេះពួកនិនចាត្រូវបានគេចាត់ទុកជារឿងប្រឌិត ឬត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយពីខេត្ត Iga ចម្ងាយ៣៥០គីឡូម៉ែត្រពីទីក្រុងតូក្យូ ទីក្រុងមួយដែលហ៊ុំព័ទ្ធទៅដោយភ្នំនៅក្បែររាជធានីក្យូតូ ដែលកាលពីមុនធ្លាប់ជាទីជម្រកសម្រាប់និនចាជាច្រើន។/លោក Jinichi អតីតវិស្វករម្នាក់ដែលបានចាប់ផ្តើមបង្រៀនក្បាច់គុននិនចាអស់រយៈពេលដប់ឆ្នាំមកហើយ បាននិយាយថា ប្រវត្តិសាស្ត្រពិតរបស់និនចាគឺជាអាថ៌កំបំាងមួយ។ លោកបាននិយាយថា មានរូបគំនូរនៃសម្ភារៈមួយចំនួនរបស់ពួកនិនចាទាំងនោះ ប៉ុន្តែយើងតែងតែរកមិនឃើញព័ត៌មានលម្អិតទាំងអស់ឡើយ។ ប្រពៃណីជាច្រើនរបស់ពួកគេត្រូវបានឆ្លងកាត់ដោយការនិយាយ ដូច្នេះយើងមិនដឹងនូវអ្វីដែលត្រូវបានកែប្រែនៅក្នុងដំណើរការនេះនោះទេ។គាត់បាននិយាយថា យើងមិនអាចសាកល្បងធ្វើឃាត ឬបំពុលនោះទេ។ មិនថាយើងអាចទុកឲ្យការបង្ហាត់បង្រៀនបង្កើតនូវការបំពុលមួយឬយ៉ាងណានោះទេ យើងមិនអាចសាកល្បងធ្វើវាបានឡើយ។ លោក Jinichi បានជួបពិភពអាថ៌កំបំាងនៃនិនចាជាលើកដំបូងនៅអាយុត្រឹមតែប្រាំមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានតែការចងចាំស្រពិចស្រពិលប៉ុណ្ណោះអំពីការជួបលោកគ្រូរបស់គាត់ លោក Masazo Ishida ជាលើកដំបូង ដែលជាបុរសម្នាក់ស្លៀកពាក់ជាលោកសង្ឃពុទ្ធសាសនា។/លោកបាននិយាយថា ខ្ញុំបានបន្តហ្វឹកហាត់ដោយមិនដឹងនូវអ្វីដែលខ្ញុំបាននឹងកំពុងធ្វើនោះទេ។ ក្រោយមកជាយូរ ទើបខ្ញុំបានដឹងថា ខ្ញុំកំពុងហាត់ក្បាច់គុននិនចា។លោក Jinichi បាននិយាយថា ការហ្វឹកហាត់នេះមានចាប់តាំងពីជំនាញផ្នែករាងកាយនិងចិត្តរហូតដល់ការសិក្សាគីមីវិទ្យា អាកាសធាតុ និងចិត្តវិទ្យា។ គាត់បាននិយាយថា ខ្ញុំហៅក្បាច់គុននិនចាថាបច្ចេកទេសដែលនៅមានគ្រប់លក្ខណៈ ប៉ុន្តែវាមានប្រភពដើមមកពីជំនាញសង្គ្រាមដូចជា ការស៊ើបការណ៍សម្ងាត់ និងការវាយប្រហារដោយលបឆ្មក់។ សម្រាប់ការសញ្ជឹងគិត ខ្ញុំបានសម្លឹងមើលខ្សែអំបោះរបស់ទៀនមួយដើម រហូតទាល់តែខ្ញុំបានទទួលអារម្មណ៍ថាខ្ញុំបានស្ថិតនៅក្នុងវា។ខ្ញុំក៏ហាត់ស្តាប់សម្លេងម្ជុលធ្លាក់នៅលើកម្រាលឥដ្ឋផងដែរ។គាត់បានឡើងជញ្ជាំង លោតពីទីខ្ពស់ៗ និងបានរៀនពីរបៀបលាយសារធាតុគីមីដើម្បីបង្កការផ្ទុះ និងផ្សែង។ គាត់បាននិយាយថា ខ្ញុំក៏ត្រូវតម្រូវឲ្យទ្រាំ និងកំដៅ ភាពត្រជាក់ រួមទាំងការឈឺចាប់និងភាពស្រេកឃ្លានផងដែរ។ ការហ្វឹកហាត់នេះសុទ្ធតែលំបាកនិងឈឺចាប់។ វាមិនមែនលេងសើចនោះទេ ប៉ុន្តែខ្ញុំមិនបានគិតច្រើនទេថា ហេតុអ្វីខ្ញុំកំពុងធ្វើវា។ ការហ្វឹកហាត់ត្រូវបានធ្វើឡើងទុកជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ៕

ដោយ៖ វិបុលប្រភពពី៖ heraldsun