Spacex ឱ្យដឹងថា ពួកគេកំពុងមានគម្រោង សាងសង់ទីក្រុង “ឯករាជ” មួយ នៅលើភពព្រះអង្គារ ដើម្បីបម្រើដល់ការរស់នៅ របស់មនុស្សនៅទីនេះ នាឆ្នាំ ២០២៦។

/

SpaceX គឺជាក្រុមហ៊ុនដឹកជញ្ជូនលើអវកាសឯកជនមួយ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០២ ដោយលោក Elon Musk ។ ក្រុមហ៊ុននេះ មានជំនាញខាងរចនា សាងសង់ និងនាំយានអវកាសទៅកាន់គន្លងគោចររបស់ផែនដី។ បច្ចុប្បន្ន SpaceX កំពុងមានគោលដៅដ៏អស្ចារ្យមួយ នោះគឺបង្កើតទីក្រុងនៅលើភពព្រះអង្គារ និងនាំមនុស្សទៅរស់នៅទីនោះ ក្នុងឆ្នាំ ២០២៦។

លោក Elon Musk ថ្លែងថា ក្រុមហ៊ុនរបស់លោក នឹងបង្កើតទីក្រុង “ឯករាជ” មួយ នៅលើភពអង្គារ សម្រាប់ក្រុមអវកាសចរដែលមករស់នៅលើភពនេះ។ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយកាសែត CNBC លោក Elon Musk អះអាងថា ៖ “ខ្ញុំសង្ឃឹមថា ក្រុមមនុស្សដំបូង នឹងត្រូវបានបញ្ជូនឡើងទៅកាន់ភពព្រះអង្គារ ក្នុងអំឡុង ១០ ទៅ ១២ឆ្នាំខាងមុខ។ ខ្ញុំជឿថា ប្រការនេះ នឹងកើតឡើងជាប្រាកដ”។

/

យានអវកាស Dragon របស់ SpaceX គឺជាដៃគូសំខាន់ ក្នុងការដឹកជញ្ជូនទំនិញ ទៅឱ្យស្ថានីយអវកាសអន្ដរជាតិ ISS ។ បច្ចុប្បន្ន SpaceX ក៏កំពុងតែមានបំណងពង្រីកពាណិជ្ជកម្មរបស់ខ្លួន ទៅក្នុងវិស័យទេសចរណ៍អវកាស ក្នុងពេលខាងមុខ។ SpaceX ក៏ត្រូវប្រកួតប្រជែងជាមួយបណ្ដាក្រុមហ៊ុនធំៗ ដូចជា Boeing ឬ Sierra NevadaCorporation ផងដែរ ក្នុងកិច្ចសហការណ៍ជាមួយ NASA ដែលជាទីភ្នាក់ងារអវកាសរបស់អាមេរិក។

/

កាលពីខែមុន ក្រុមហ៊ុន SpaceX ទើបបានឧទ្ទេសនាមយានអវកាសមួយដែលមានឈ្មោះថា Dragon V2 ហើយសង្ឃឹមថា វានឹងជួយឱ្យ SpaceX  ទទួលបានកិច្ចព្រមព្រៀងជាមួយ NASA ដើម្បីដឹកជញ្ជូនក្រុមអវកាសចរ ទៅបំពេញបេសកកម្ម នៅស្ថានីយអវកាសអន្ដរជាតិ។

Elon Musk ថ្លែងថា បើទោះជាទទួលបានកិច្ចព្រមព្រៀងជាមួយ NASA ឬមិនបានក៏ដោយ ក៏វានឹង មិនមានផលប៉ះពាល់ដល់គម្រោងនាំមនុស្សទៅរស់នៅលើភពអង្គាររបស់ក្រុមហ៊ុន SpaceX នោះដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ sploid/the weather