ព័ត៌មានអន្តរជាតិ ៖ យោងតាមប្រភពសារព័ត៌មានចិន ដែលបានចេញផ្សាយ កាលពីម្សិលមិញនេះ បានអោយដឹង ចិនបានសម្ពោធដាក់អោយប្រើប្រាស់នូវនាវាផ្ទុកយន្តហោះជាលើកដំបូងរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា នាវាផ្ទុកយន្តហោះជាលើកដំបូង របស់ប្រទេសចិនមួយនេះ ត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២៥ កញ្ញា ខណៈកំពុងកើតមានវិបត្តិការទូតខ្លាំងរវាងក្រុងប៉េកាំង និង ក្រុងតូក្យូ លើរឿងអធិបតេយ្យភាព នៃប្រជុំកោះ សេនកាគូ-ឌីអាវយូ ។យោងតាមក្រសួងការពារប្រទេសចិនថា នាវាឈ្មោះ LIAONING នោះនឹងរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងកិច្ច ការពារអធិបតេយ្យភាព សន្តិសុខនិងការពង្រីកផលប្រយោជន៍ជាតិ ក្រសួងនេះបន្តថា ការបញ្ចូលនាវាផ្ទុកយន្តហោះនេះក្នុងនាវាចម្បាំងចិននឹងពង្រឹង ដល់ការធ្វើអោយទំនើបកងកម្លាំងនាវាចរណ៍ធ្វើប្រតិបត្តិការ ។


លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ពិធីសម្ពោធជាផ្លូវការក្នុងការដាក់អោយប្រើប្រាស់ នូវនាវាផ្ទុកយន្តហោះជាលើកដំបូងមួយនេះ ត្រូវបានធ្វើឡើងនៅឯ កំពង់ផែ DALIANទីប្រជុំជននៃខេត្ត LIAONING ជាឈ្មោះរបស់ នាវា ។សម្រាប់ពួកអ្នកជំនាញការខាងយោធាយល់ថា តួនាទីប្រតិបត្តិរបស់នាវានោះនឹងមានកម្រិត ក៏ប៉ុន្តែនោះជាមោទនភាពមួយសម្រាប់កងនាវាចរណ៍ចិនដែល រហូតមកដល់ពេលនេះនៅពុំទាន់មាននាវាផ្ទុកយន្តហោះនៅឡើយ ៕
ដោយ ៖ រិទ្ធី ប្រភព ៖ China