ក្រោយពីព្រឹត្តិការណ៍ UEFA Champions League លើកទី៥៨ រដូវឆ្នាំ២០១២-២០១៣ បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយមានក្រុម Bayern Munich ជាម្ចាស់ជើងឯក ក្រោយពីបានយកឈ្នះ ក្រុមសិស្សប្អូន Borussia Dortmund ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ។
Bayern ជាក្រុមលេខ១ចេញពីពូល F ខណៈដែល Dortmund ឈរនៅលេខ១ក្នុងពូល D ។ គេហទំព័រ Looking TODAY បានបង្ហាញជូននូវចំនួន ទឹកប្រាក់ចំពោះក្លឹបនីមួយៗ ដែលទទួលបានជា ដំណាក់ៗដោយផ្អែក ទៅលើគេហទំព័រ UEFA និង Wiki មានដូចខាងក្រោមៈ
- ក្រុមលេងក្នុងវគ្គជម្រុះទាំងអស់: 2.520.000$ - ក្រុមឈរក្នុងពូលទាំងអស់: 10.320.000$ - ក្រុមលេខ១ក្នុងពូល: 1.200.000$ - ក្រុមលេខ២ក្នុងពូល: 600.000$ - វគ្គ១៦ក្រុម: 4.200.000$ - វគ្គ៨ក្រុម: 4.680.000$ - វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ: 5.880.000$ - ក្រុមរងជើងឯក: 7.800.000$ - ក្រុមជើងឯក: 12.600.000$
ដូចនេះ ចំនួនសាច់ប្រាក់សរុបដែល Bayern ទទួលបាននោះគឺ ៤០លានដុល្លារអាមេរិក រួមមានពាន១ និង មេដាយមាស៤០គ្រឿង ស្របពេលដែលក្រុមរងជើងឯក Dortmund ទទួលបាន ៣៥លានដុល្លារអាមេរិក រួមជាមួយនឹងមេដាយប្រាក់ ៤០គ្រឿងដែរ ។
សូមបញ្ជាក់ថា នេះគ្រាន់តែជាប្រាក់សុទ្ធដែលទទួលបានពី UEFA តែប៉ុណ្ណោះ វានៅមានប្រាក់បន្ថែមពីលើ នេះទៀតតាមរយៈ ការលក់សិទ្ធិផ្សាយបន្តផ្ទាល់ ផ្សាយពាណិជ្ជកម្មផ្សេងៗ និងថ្លៃសំបុត្រផងដែរ។ ជាក់ស្តែង ក្លឹបតោខៀវ Chelsea របស់អង់គ្លេសទទួលបាន ប្រាក់សរុបចំនួន ៨០លានដុល្លារកាលពីរដូវកាលមុន ។
ក្រៅពីពាន លុយ និងមេដាយ UEFA មិនមានរង្វាន់សម្រាប់កីឡាករ ស៊ុតបញ្ចូលទីបានច្រើនជាងគេ អ្នកចាំទីល្អ កីឡាករលេងល្អ កីឡាករវ័យក្មេងលេងល្អ និងគ្រូបង្វឹកដឹកនាំល្អឡើយ ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល