នៅពេលបំបែកឯតទគ្គកម្មរបស់ Vivo X5 Max ឬ Oppo R7 ស្មាតហ្វូន Coolpad Ivvi K1 Mini បានឡើងគ្រងតំណែងជាទូរស័ព្ទស្ដើងបំផុតក្នុងពិភពលោក។

/

ក្រុមហ៊ុនផលិតទូរស័ព្ទ Coolpad មកពីចិន ទើបតែបានបញ្ចេញលក់ស្មាតហ្វូនស្ដើងបំផុតក្នុងលោក គឺ Coolpad Ivvi K1 Mini ។ ស្មាតហ្វូននេះ មានកម្រាស់ត្រឹមតែ ៤,៧មម ពោលគឺស្ដើងជាង ០,៥មម ធៀបនឹង Vivo X5 Max និង ១,៥មម ធៀបនឹង Oppo R5។  ក្រុមហ៊ុនផលិតទូរស័ព្ទ Coolpad ឱ្យដឹងថា ផ្នែកខាងខ្នងរបស់ Coolpad Ivvi K1 Mini មានសភាពម៉ត់រលោង និងមិនជាប់ស្នាមក្រយៅដៃ។

/

ក៏ប៉ុន្ដែ អ្វីដែលគេចាប់អារម្មណ៍នោះគឺថា វាមិនមែនជាស្មាតហ្វូនតម្លៃខ្ពស់ បើទោះមានអេក្រង់ ៤,៧អ៊ិន្ឈ៍ កាមេរ៉ាក្រោយ ៨មេហ្គាភិកសេល និងកាមេរ៉ាមុខ ៥មេហ្គាភិកសេល។ ដោយសារតែមានរូបរាងស្ដើងបែបនេះហើយ ទើប Coolpad Ivvi K1 Mini ក៏មិនមានថ្មល្អប៉ុន្មាននោះដែរ គឺត្រឹមតែ 1.800mAh ។ ចំណែកប្រព័ន្ធឈីប (SoC) គឺ Qualcomm Snapdragon 410 64-bit (ជាមួយនឹង CPU 4-core 1.2GHz) , RAM 1GB និងអង្គចងចាំក្នុង 8GB ។ ស្មាតហ្វូន Coolpad Ivvi K1 Mini ប្រើប្រព័ន្ធ 4G LTE ។

/

/

ប្រភពព័ត៌មានឱ្យដឹងថា Coolpad Ivvi K1 Mini នឹងត្រូវបានដាក់លក់ក្នុងទីផ្សារចិន តម្លៃ ១.២៩៩យ័ន (ប្រហែល ២០៨ដុល្លារអាមេរិក) ។ បច្ចុប្បន្ន ស្មាតហ្វូននេះ មានពណ៌តែមួយគត់ នោះគឺពណ៌ ស សម្រាប់ដំណាក់កាលដំបូង។ ក្រៅពីនេះ គេមិនទាន់ដឹងថា ក្រុមហ៊ុន Coolpad នឹងចែកចាយផលិតផលរបស់ខ្លួន ទៅក្នុងទីផ្សារណាខ្លះនៅឡើយ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena