ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា កងទ័ពជើងទឹក ៣ រូប បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង បន្ទាប់ពីយន្តហោះ EA-6B Prowler បានធ្លាក់កាលពីព្រឹកថ្ងៃច័ន្ទ ចម្ងាយប្រមាណជាង ៥០ ម៉ាយ (Miles) ពីរដ្ឋធានីវ៉ាស៊ីនតោន។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមថា ឧបទ្ទេវេហេតុគ្រោះថ្នាក់ដែនអាកាសមួយនេះ បានកើតឡើងកាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ វេលាម៉ោង៨ និង ៤៥ នាទីព្រឹកខណៈពេលដែលធ្វើការហោះហើរសាកល្បង ពីមូលដ្ឋានទ័ពជើងទឹក ដែលមានមូលដ្ឋាននៅលើកោះ Whidbey Island ។
គួររំឭកផងដែរថា មកទល់នឹងពេលនេះ បើនិយាយពីអត្តសញ្ញាណអ្នកដែលបានស្លាប់បាត់បង់ជីវិត មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ស្របពេលដែលការតាមដានស៊ើបអង្កេតរកមូលហេតុពិតនៃការធ្លាក់យន្តហោះលើកនេះ នៅតែបន្តមាននៅឡើយ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ cnn