ជាទូទៅការបោកប្រាស់ គឺជាទង្វើមួយដែលត្រូវបានសង្គមស្អប់ខ្ពើម។ យ៉ាងណាក៏ដោយការបោកប្រាស់នៅតែអាចកើតមានឡើង ទោះជានៅក្នុងប្រទេសជឿនលឿនដែលបានអភិវឌ្ឍរួចហើយក៏ដោយ។ ការរួចផុតពីការបោកប្រាស់ មានន័យថាមិនបានទទួលរងការខាតបង់ទាំងឡាយដែលបង្កឡើងដោយជនទុច្ចរិតណាមួយនោះទេ។ ខាងក្រោមនេះ គឺជាបួនចំនុចដែលអ្នកត្រូវអនុវត្តដើម្បីគេចផុតពីការបោកប្រាស់៖១.ការគ្រប់គ្រងភាពមានមហិច្ឆិតារបស់ខ្លួនៈការបោកប្រាស់អាចនឹងផ្តើមចេញពីការដុតភ្លើងមហិច្ឆិតារបស់អ្នក។ ដូច្នេះអ្នកត្រូវតែចេះគ្រប់គ្រងភាពមានមហិច្ឆិតារបស់អ្នក ដោយព្យាយាមមិនអោយគេដឹងច្បាស់ពីមហិច្ឆិតារបស់អ្នក និងមិនត្រូវអោយមហិច្ឆិតារបស់អ្នក ជុំរុញអោយអ្នកធ្វើការសំរេចចិត្តដោយគ្មានការពិចារណាអោយបានល្អិតល្អន់។/

២.ការគ្រប់គ្រងភាពមានមេត្តាធម៌របស់ខ្លួនៈមេត្តាធម៌គឺជាអ្វីដែលសង្គមចង់បាន និងជាអ្វីដែលអ្នករាល់គ្នាចង់បានផងដែរ។ ប៉ុន្តែអ្នកក៏ត្រូវចេះមានការប្រុងប្រយ័ត្ន ក៏ដូចជាការគ្រប់គ្រងភាពមានមេត្តាធម៌របស់ខ្លួន។ ជារួមត្រូវធ្វើការពិចារណាថាតើអ្នកណាគួរអោយអាណិតនិងគួរអោយអ្នកជួយ អ្នកណាគួរអោយអាណិតប៉ុន្តែមិនគួរអោយអ្នកចង់ជួយ អ្នកណាមិនគួរអោយអាណិតនិងមិនគួរអោយជួយ អ្នកណាមិនគួរអោយអាណិតប៉ុន្តែគួរអោយអ្នកជួយ ដើម្បីចៀសផុតពីការទទួលរងពីការបោកប្រាស់ និងការលើកស្ទួយនូវការបោកប្រាស់ដោយមិនដឹងខ្លួន។

៣.ភាពវៃឆ្លាតនិងយល់ដឹងពីបរិបទជុំវិញៈសំដៅទៅលើភាពអាចយល់បាន និងអាចសន្និដ្ឋានបានចំពោះទង្វើបោកប្រាស់ទាំងនោះ ដោយផ្អែកលើបទពិសោធន៍(បទពិសោធន៍ផ្ទាល់ និងប្រយោល) ក៏ដូចជាភាពវៃឆ្លាតរបស់អ្នក ហើយក៏សំដៅលើភាពអាចយល់បាន និងអាចសន្និដ្ឋានបានចំពោះទង្វើបោកប្រាស់បែបប្រយោល​ ជាឧទាហរណ៍ សុភាពជាមិត្តភ័ក្តិជិតស្និត ជឿជាក់ និងស្មោះត្រង់របស់អ្នក ហើយដោយភាពមិនសូវឆ្លាត សុភាពបានចាញ់បោកគេដោយមិនដឹងខ្លួន បន្ទាប់មកទៀតសុភាព ក៏អាចមកបោកប្រាស់អ្នកបន្តដោយមិនដឹងខ្លួនផងដែរ។/

៤.ការហ៊ានទំលាយអំពីរឿងចាញ់បោកគេៈជាទូទៅអ្នកដែលបានចាញ់បោកគេ មិនហ៊ាននិយាយចេញមកក្រៅទេ ព្រោះខ្លាចខ្មាស់គេ រឺខ្លាចគេសើចចំអក ដែលទង្វើបែបនេះធ្វើអោយជនបោកប្រាស់កាន់តែបានចិត្ត។ ផ្ទុយទៅវិញ បើអ្នកបង្ហាញអោយឃើញនូវការហ៊ានទំលាយអំពីរឿងចាញ់បោកគេ នោះវាអាចជារឿងមួយដែលធ្វើអោយជនបោកប្រាស់មិនហ៊ាន រឺស្ទាក់ស្ទើរក្នុងការបោកប្រាស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវធ្វើការសំរេចចិត្តអោយបានច្បាស់ថាតើអ្នកគួរប្រាប់ពីរឿងចាញ់បោកគេនេះទៅនរណាដែលអាចជាប្រយោជន៍ក្នុងការជួយដល់អ្នកបាន។

***និពន្ធដោយលោក សៀង ប៊ូហឿង

ដោយ៖ និស្ស័យប្រភព៖ b-sek