ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័របរទេស chinadaily ដែលទើបតែបានចេញផ្សាយ នាវេលាប៉ុន្មានម៉ោងមុននេះ អោយដឹងថា លោកបារ៉ាក់ អូបាម៉ាបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងអាណត្តិទី ២ ហើយ នាថ្ងៃអាទិត្យ ទី២០ មករា និងថ្ងៃចន្ទទី ២១ មករានេះ បន្ទាប់ពីលោក បានជាប់ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ១ អាណត្តិទៀតក្រោយប្រកួតប្រជែងជាមួយលោកមីត រ៉ូមនី កាលពីខែវិច្ឆិកាកន្លងទៅ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានបន្ថែមថា លោកបារ៉ាក់ អូបាម៉ាត្រូវធ្វើសច្ចាប្រណិធានចូលកាន់តំណែង អាណត្តិទី២ នាថ្ងៃអាទិត្យទី២០ មករា ក្នុងពិធីជាឯកជនមួយផ្សាយតាមទូរទស្សន៍នៅសេតវិមាន ។ ក៏ប៉ុន្តែតាមប្រពៃណីបើថ្ងៃទី២០ មករា ប៉ះចំថ្ងៃអាទិត្យពិធីជាផ្លូវការ និងការថ្លែងសុន្ទរកថាត្រូវពន្យារពេលមកធ្វើនាថ្ងៃចន្ទថ្ងៃទី ២១ មករា វិញ ។
ដូច្នេះលោក អូបាម៉ា ក្លាយជាប្រធានាធិបតីអាមេរិកទី៧ ដែលថ្លែងសុន្ទរកថាចូលកាន់តំណែងនាថ្ងៃចន្ទទី ២១ មករា ។ លោកអូបាម៉ាធ្វើសច្ចាប្រណិធាន២លើកគឺនាថ្ងៃអាទិត្យទី ២០ មករា នៅឯ Blue Room នៃសេតវិមានបន្ទាប់មកធ្វើសច្ចាប្រណិធាននាថ្ងៃចន្ទទី ២១ មករា នៅវិមានកាពីតូល ៕
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily