អន្សម មានច្រើនប្រភេទគឺ អន្សមចេក ជាអន្សមដាក់ចេកណាំវ៉ាទុំ ទាំងមូលជាស្នូល។ អន្សមជ្រូក
គឺដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង គឺដាក់ខ្ទិះដូង ឬសាច់ដូងទុំ កោសលាយផង។ អន្សមអាំង ជាអន្សមដែលចម្អិនដោយអាំង។ល។
ចំណែក «នំគម» វិញ មានសណ្ឋានដូចខ្នងគម ធ្វើពីម្សៅដំណើប មានស្នូលដូង ឬសណ្ដែកស្បាត់ស្ករ ខ្ចប់ដោយស្លឹក ចម្អិនដោយចំហុយ ។
![src=http://image.dap-news.com:81/dap-news/dap-images/2013/september/id-078/Lay-396.jpg Photo]()
នំអន្សមនេះ មានវត្តមាននៅក្នុងសង្គមខ្មែរ តាំងពីបុរាណសម័យមកហើយ ។ នំនេះគេឃើញមាននៅក្នុង ពិធីបុណ្យទានរបស់ខ្មែរនានា ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។
![src=http://image.dap-news.com:81/dap-news/dap-images/2013/september/id-078/Lay-397.jpg Photo]()
យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រហ្មញ្ញ ហើយរបស់ប្រើប្រាស់ និងសម្ភារៈភាគច្រើន តែងតែមានទំនាក់ទំនងនឹងសាសនាតួយ៉ាង នំអន្សមនេះ ជាដើម។
ក្នុងសាសនាព្រហ្មញ្ញ នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ឬព្រះសិវៈ។ ចំណែកឯនំគម គឺតំណាងឲ្យយោនី (ប្រដាប់ភេទ) នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ លិង្គព្រះឥសូរ គេធ្វើពីថ្មរឹងមានរាង៤ជ្រុង ៦ជ្រុង និង៨ជ្រុងក៏មាន ដែលគេតែងឃើញលិង្គព្រះឥសូរ ដាក់ពីលើយោនីនាងឧមា ឬនាងទួគ៌ា។ ម្លោះហើយទើបខ្មែរយើង តែងតែឃើញនំអន្សមនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។
![src=http://image.dap-news.com:81/dap-news/dap-images/2013/september/id-078/Lay-398.jpg Photo]()
តាមឯកសាររបស់លោកបណ្ឌិត មីសែល ត្រាណេ ជំនាញខាងបុរាណវិទ្យា បានឲ្យដឹងថា ព្រះសិវៈ ឬព្រះឥសូរ នេះ គឺជាទេវតាចម្បងមួយអង្គ ក្នុងចំណោមទេវៈចម្បងទាំង៣ នៃទ្រីស្តីត្រីម៌ូតិ ដែលមានក្នុងលទ្ធិព្រហ្មញ្ញសាសនា។ យោងលើប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅដើមស.វ.ទី១ នៃគ.ស. បានបញ្ជាក់ថា ប្រជានុរាស្ត្រខ្មែរនាសម័យបុរាណនោះ មានការពេញនិយមព្រះអាទិទេពអង្គនេះ ជាងព្រះអាទិទេពផ្សេងៗ ឯទៀត ដែលសុទ្ធសឹងតែមានប្រភពមកពីឥណ្ឌាទាំងអស់។
![src=http://image.dap-news.com:81/dap-news/dap-images/2013/september/id-078/Lay-399.jpg Photo]()
បើនិយាយមួយបែបទៀត ក្នុងការគោរពបូជាលទ្ធិព្រហ្មញ្ញ ខ្មែរខ្លះចូលចិត្តព្រះព្រហ្ម ខ្លះទៀតព្រះនរាយណ៍ (ព្រះវិស្ណុ, ពិស្ណុ) ក៏ប៉ុន្តែជាទូទៅការនិយម បេតីប្រតិបត្តិព្រះសិវៈ ឬព្រះឥសូរនេះ គឺមានកម្រិតខ្ពស់ជាងព្រះអាទិទេពផ្សេងៗទៀត។ ម្យ៉ាងវិញទៀតទន្ទឹមនឹងនេះ ក៏យើងបានសង្កេតឃើញ មានការគោរពបូជា ព្រះពុទ្ធ សាសនាផងដែរ។
ម៉្យាងទៀត រូបចម្លាក់លោតបុរេអង្គរជាច្រើន ទាក់ទងនឹងចម្លាក់ព្រះសិវៈ ក្រោមរូបភាពជានិមិត្តសញ្ញា គឺព្រះលិង្គ ដែលជាទម្រង់លក្ខណៈ ឬក៏ចំណែកមួយនៃសារព៌ាង្គកាយរបស់ព្រះសិវៈ ដែលបង្ហាញឲ្យឃើញនូវអាទិភាព ព្រះអាទិទេព អង្គនេះក្នុងសង្គមខ្មែរ។
ចម្លាក់នៃព្រះអាទិទេពចម្បងខាងលើនេះ មានភាពសម្បូរបែបតាំងពីសម័យបុរេអង្គរ (មុនសម័យអង្គរ) ម្ល៉េះ ជាពិសេស ចម្លាក់មានរូបរាងមនុស្ស មានផ្នួងសក់ ហើយមានកាន់ខ្សែផ្គាំនៅលើដៃ និងមនុស្សមានភ្នែកបី លំអដោយចំណិតព្រះច័ន្ទលើផ្នួងសក់ និងគ្រឿងអលង្ការជាដើម។
ពាក់ព័ន្ធនឹងប្រវត្តិរបស់ព្រះអាទិទេពអង្គនេះ យើងក៏អាចដឹងទៀតថា ព្រះសិវៈ មានព្រះអគ្គមហេសីពីរព្រះអង្គ គឺ ព្រះនាងឧមា និងព្រះនាងគង្គា (ទូគ៌ា)។ គេក៏បានបន្ថែមទៀតថា តាមព្រះសកម្មភាពផ្សេងៗក្នុងប្រវត្តិព្រះមហេសីរបស់ទ្រង់ អាចមានព្រះនាមផ្សេងៗឯទៀត ដូចជា កាលីទុគ៌ាជាដើម និងមានព្រះរាជបុត្រពីរ គឺព្រះស្កន្ន និងព្រះគណេស។
គប្បីរំលឹកឡើងវិញផងដែរថា ការឆ្លាក់លិង្គព្រះឥសូរ (សិវៈ) តម្កល់លើយោនីនាងឧមា ឬនាងទូគ៌ា នេះបានក្លាយ ទៅជាប្រពៃណីដែលវិចិត្រករខ្មែរយើង សម័យអង្គរបានត្រាប់តាម ហើយនាសម័យអង្គរនោះដែរ ត្រីសូល៌មុខ៣ ក៏ជាអាវុធ ឬក៏ជាវត្ថុស័ក្តិសិទ្ធិរបស់ពួកព្រាហ្មណ៍និកាយសិវៈផង។ នេះជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ព្រះឥសូរ នាសម័យនគរភ្នំ ដុះចេញពីបេះដូង និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រចំពោះព្រះសិវៈ។ ទង្វើនេះក៏ជា លទ្ធផលនៃការជះឥទ្ធិពលឲ្យទាំងចក្រភពភ្នំ ប្រកបដោយសច្ចៈភាព ស្គាល់អំពើល្អអាក្រក់ បង្ហាញដល់មនុស្សផងទាំងឡាយ ឲ្យស្គាល់ផ្លូវនាំទៅកាន់ភាពស្ងប់ចិត្ត។ ម្យ៉ាងវិញទៀត ជំនឿនេះ ក៏ប្រាកដជាបានផ្តល់នូវសក្តានុពលដ៏សំខាន់ ខាងសីលធម៌ សម្រាប់សង្គមជាតិនាសម័យបុរាណនោះដែរ។
និយាយជារួម ជំនឿ សាសនា ដែលជនជាតិខ្មែរជឿ និងប្រកាន់យកសព្វថ្ងៃ បើគេសិក្សាឲ្យបានច្បាស់លាស់ គឺមិនមែនប្រកាន់យកតែព្រះពុទ្ធសាសនា សុទ្ធសាធនោះទេ មានលាយឡំជាមួយជំនឿដើមរបស់ខ្មែរ និងព្រហ្មញ្ញ សាសនាផងដែរ។ ឧទាហរណ៍ៈ បើយើងនិយាយពីវត្តអារាមនៅប្រទេសកម្ពុជា គឺប្រជាជនខ្មែរទូទៅយល់ថា ជា វត្តអារាមរបស់ព្រះពុទ្ធសាសនា។ ប៉ុន្តែនៅក្នុងបរិវេណវត្តនោះ មានខ្ទមអ្នកតា គឺជាជំនឿដើមរបស់ជនជាតិខ្មែរ ដែលជឿលើព្រលឹងដែលមិនសាបសូន្យ ទោះបីរូបរាងកាយស្លាប់បាត់បង់ក៏ដោយ។ ចំណែកព្រះសង្ឃ ចេះមន្ត អាគមគាថា ចេះព្យាបាលជំងឺ ស្រោចទឹកបណ្ដោះគ្រោះជាដើម គឺជាសាសនាព្រាហ្មញ្ញ។
![src=http://image.dap-news.com:81/dap-news/dap-images/2013/september/id-078/Lay-400.jpg Photo]()
ជាក់ស្តែង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យទាក់ទងនឹង ព្រះពុទ្ធសាសនា ប៉ុន្តែការវេចនំអន្សម និង នំគម យកទៅវត្តនោះ គឺទាក់ទងនឹងជំនឿរបស់ព្រហ្មញ្ញសាសនាទៅវិញទេ៕
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល