
លោកអ្នកប្រហែលជាឆ្ងល់ហើយថាអ្វីជាយុទ្ធនាការ Kony 2012។ ក្នុងរយៈពេលប៉ុន្មាន
ខែទៀតនៅគ្រប់ទីក្រុង និងកន្លែងផ្សេងក្នុងប្រទេសធំៗជុំវិញពិភពលោក គេនឹងឃើញ
មានផ្លាកពណ៌ក្រហមបិតពាសពេញជញ្ជាំងផ្សាយពាណិជ្ជកម្មតាមផ្លូវ និងសូម្បីតែអគារ
ធំៗដែលផ្ទាំងក្រដាស់ពណ៌ក្រហមនោះនឹងមានសរសេរពាក្យថា Kony 2012 អ្នកទាំងអស់
គ្នាមុខជាឆ្ងល់មិនខានថាតើអ្វីទៅជា Kony 2012? លោកអ្នកប្រហែលជាចាំរបបកម្ពុជា
ប្រជាធិបតយ្យ ឬខ្មែរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃក្រោយពីបានផ្លាស់របបគ្រប់គ្រងជាច្រើន
ដងរួចមក៣០ឆ្នាំ ក្រោយសាវនាការខ្មែរក្រហមបានចាប់ផ្ដើមដំណើរការដើម្បីរកយុត្តិធម៍
ដល់អ្នកដែលបានបាត់បង់ជីវិត និងអ្នកដែលទទួលរងការឈឺចាប់សព្វគ្រប់បែបយ៉ាង
ក្នុងសម័យប៉ុល ពត ដឹកនាំ។ នេះគឺដូចគ្នាលោកអ្នកប្រហែលជាមិនស្គាល់ទេថានរណា
ជា Joseph Kony ប្រៀបដូចជាពិភពលោកដែលពុំដែលបានដឹងថាមានរបបប្រល័យពូជ
សាសន៍នៅកម្ពុជាឆ្នាំ៧៥ដល់៧៩ដូចគ្នា។ Joseph Kony ជាមេដឹកនាំក្រុមឧទ្ទាមប៉ះបោរ
ដែលមានឈ្មោះថា LRA (Lord's Resistance Army) នៅប្រទេស Uganda ទិដ្ឋភាពនៅ
ក្នុងក្រុមឧទ្ទាម LRA នេះពុំខុសគ្នាទៅនឹងសម័យខ្មែរក្រហមប៉ុន្មាននោះទេ ភាពឈឺចាប់
ខ្លោចផ្សាកើតឡើងដូចគ្នា ។
Joseph Kony ដឹកនាំក្រុមប៉ះបោររបស់គេដើម្បីអំណាច គេបានចាប់ក្មេងតាមទីជនបទ
បង្ខំអោយគេធ្វើអំពើមិនល្អ ក្មេងប្រុសត្រូវបានបង្ខំអោយកាន់កាំភ្លើងដើម្បីតស៊ូជាមួយ
ទាហានរដ្ឋាភិបាលគេនឹងត្រូវអោយសម្លាប់រាល់មនុស្សទាំងអស់ ដែលនៅទើសមុខរបស់
គេទោះបីជាម្ដាយឪពុករបស់ខ្លួនក្ដី ហើយក្មេងស្រីត្រូវបានបង្ខំអោយក្លាយជាទាសករផ្លូវ
ភេទ ហើយមិនមែនមានតែក្មេងមួយចំនួនតូចនោះទេដែលបានទទួលរងគ្រោះរយៈពេល
ជាង២០ឆ្នាំនៃដំណើរការក្រុមឧទ្ទាមប៉ះបោរមួយនេះ មានក្មេងជាង៣០០០០នាក់ត្រូវបាន
រងគ្រោះ មានខ្លះបានក្លាយជាទាហានកាន់កាំភ្លើងតស៊ូខ្លះបានលូចរត់ចេញបានសម្រេច ខ្លះក៏ត្រូវបានគេសម្លាប់ព្រោះមានបំណងចង់រត់ ដូចជាក្មេងប្រុសម្នាក់ឈ្មោះ Jacob ដែល
លួចរត់បានសម្រេចតែជាអកុសលបងប្រុសរបស់គេត្រូវបានពួកឧទ្ទាមចាប់បានហើយ
សម្លាប់ចោលភ្លាមៗ។ នៅកម្ពុជា៣ឆ្នាំ៨ខែ២០ថ្ងៃឪពុកម្ដាយរបស់លោកអ្នកតែងតែនិយាយ
ប្រាប់ថាគាត់កើតមកនៅក្នុងរបបនោះវាលំបាកយ៉ាងណាចុះសម្រាប់ក្មេងៗដែល LRA
បានចាប់ខ្លួនវិញវាយ៉ាងណា? LRA បានធ្វើបែបនេះមក២០ឆ្នាំហើយ!មិនមែន៣ឆ្នាំដូចរបប
ប្រល័យពូជសាសន៍នៅកម្ពុជានោះទេ អ្នកអាចស្រមៃបានទេថាតើពួកគេដែលរស់នៅជាមួយ
នឹងការគំរាមកំហែងដោយ LRA មានភាពលំបាកយ៉ាងណា?
សរុបមក Josepg Kony ដែលជាមេដឹកនាំក្រុមឧទ្ទាម LRA ជាមនុស្សអាក្រក់ដែលបង្កើត
សង្គមមួយដែលមនុស្សគ្រប់រូបស្អប់ខ្ពើម! តែសំនួរនៅតែមានដដែលថា អ្វីទៅជាយុទ្ធនាការ
Kony2012? ខ្ញុំនឹងប្រាប់លោកអ្នកនៅពេលនេះ Kony 2012 គឺជាយុទ្ធនាការមួយដែលរៀបចំ
ដោយអង្កការInvisible Children ដែលចេញផ្សាយជាភាពយន្តឯកសារមួយក្រោមចំណង
ជើងថាKony 2012ដែលនិយាយពន្យល់ថានរណាជា Joseph Kony ហើយមានគោលបំណង
ដើម្បីអោយមនុស្សជុំវិញពិភពលោកបានស្គាល់ Joseph Kony និងអំពើអាក្រក់របស់គេ
និងចង់អោយយុវវ័យគ្រប់ស្រទាប់ជាន់ថ្នាក់ទូទាំងពិភពលោកគាំទ្រ ក្នុងការតាមចាប់ខ្លួន
មេដឹកនាំក្រុមឧទ្ទាមប៉ះបោរនេះ។
ទោះបីជា Joseph Kony មានឈ្មោះជាឧក្រិដ្ឋជនដែលនៅលេខរៀងទី១នៃបញ្ជីតាមចាប់ខ្លួន
របស់ ICC ក្ដីក៏មនុស្ស៩៩%នៅលើពិភពលោកនេះពុំដែលបានដឹងទេថាគេជានរណា ហើយ
គេបានធ្វើអ្វីខ្លះ ហើយដើម្បីអោយមានការចាប់ខ្លួន Joseph Kony រដ្ឋាភិបាល Uganda ត្រូវ
ការសហការណ៍ពីអន្តរជាតិដើម្បីតាមរកគេក្នុងព្រៃដ៏សែនជ្រៅ។ ខាងអង្កការ Invisible
Children បានព្យាយាមរកវិធីអោយសហរដ្ឋអាមេរិកផ្ដល់ជាជំនួយតាំងពីឆ្នាំ ២០០៣ តែវា
គ្មានបានផលសោះឡើយ តែក្រោយរយៈពេលជាង៨ឆ្នាំនៃការខំប្រឹង ខាងរដ្ឋាភិបាល
សហរដ្ឋបានសម្រេចចិត្តផ្ដល់កងកម្លាំង ដើម្បីចុះបេសកកម្មទៅជួយជាពន្លឺដល់កងទ័ពរដ្ឋា
ភិបាល Uganda ក្នុងការតាមចាប់ខ្លួន Joseph Kony ពេលវេលាចេះតែរំកិលទៅមុខហើយ ជំនួយអន្តរជាតិអាចនឹងត្រូវដកចេញគ្រប់ពេលវេលា...តែរដ្ឋាភិបាលគឺធ្វើការដើម្បីប្រជា
ពលរដ្ឋហើយមិនថាប្រទេសណាទេយើងរស់នៅលើភពផែនដីតែមួយប្រសិនបើមនុស្ស
រស់នៅលើផែនដីទាំងអស់ ស្រែកបង្គាប់អោយមេដឹកនាំពិភពលោកធ្វើអ្វីដែលយើងត្រូវ
ការនោះអ្វីក៏អាចទៅរួចដែរ Invisible Children ចង់អោយមនុស្សទូរទាំងពិភពលោកយល់
ពីតម្លៃនៃសេរីភាព ចង់អោយមនុស្សទូរទាំងពិភពលោកស្រែកបង្គាប់មករដ្ឋាភិបាលអាមេរិក
អោយជួយក្នុងការតាមចាប់ខ្លួន Joseph Kony ដល់ទីបញ្ចប់ចង់អោយមនុស្សទូរទាំងពិភព
លោកប្រើប្រាស់អំណាចរបស់ខ្លួនបង្គាប់មេដឹកនាំ ដើម្បីធ្វើអ្វីដែលមនុស្សទូទៅចង់បាន។
ខ្ញុំគ្រាន់តែជានិសិ្សតឆ្នាំទី២ម្នាក់ ក្នុងចំនោមនិស្សិតរាប់ម៉ីននាក់នៅសាកលវិទ្យាល័យជាតិ
គ្រប់គ្រងជាប្រជាជនម្នាក់ក្នុងចំនោមប្រជាជនជាង១៤លាននាក់នៅកម្ពុជា និងជាមនុស្ស
ម្នាក់ក្នុងចំនោមមនុស្សរាប់រយលាននាក់ដែលរស់នៅលើពិភពលោកនេះ កាលពីប៉ុន្មាន
ថ្ងៃមុនខ្ញុំបានឃើញRikehTube បាន Share វីដេអូរបស់Invisible Children នៅលើ Page
facebook របស់គេខ្ញុំបានចំណាយពេល៣០នាទីក្នុងការអង្គុយមើលវីដេអូឯកសារនោះ ហើយវាធ្វើអោយខ្ញុំនឹកដល់អ្វី ដែលឪពុកម្ដាយរបស់ខ្ញុំតែងតែនិយាយពីរបបខ្មែរក្រហម ខ្ញុំសឹងតែមិនជឿខ្លួនឯងថាមានទិដ្ឋភាពបែបនេះ កើតឡើងនៅជ្រុងម្ខាងទៀតនៃពិភព
លោកដែលខ្ញុំរស់នៅ ខ្ញុំមានការអាណិតកុមារទាំងនោះជាខ្លាំង តែគ្មានអ្វីដែលខ្ញុំអាចធ្វើ
បាននោះទេ ក្រៅពីចែករំលែកដំណឹងមួយនេះដល់អ្នកដទៃ...ទោះបីជាខ្ញុំធ្វើបានត្រឹមតែ
ចែករំលែកព័ត៌មាននៃយុទ្ធនាការមួយនេះ ក៏ខ្ញុំបានក្លាយជាផ្នែកមួយនៃអ្នកគាំទ្រយុទ្ធនា
ការនេះដែរ... សម្រាប់អ្នកក៏ដូចគ្នា ប្រសិនបើអ្នកពុំអាចបរិច្ចាកជាប្រាក់កាស ឬអ្វីផ្សេង
បាន អ្នកអាចចែករំលែកព៏ត៌មានមួយនេះនៅលើជញ្ជាំង និង Timeline facebook របស់
អ្នកបាន ព្រោះសព្វថ្ងៃនេះមានមនុស្សប្រើប្រាស់ facebook ច្រើនជាងប្រជាជនសរុបដែល
រស់នៅលើផែនដីកាលពី២០០ឆ្នាំមុនទៅទៀត! អ្នកមានមិត្តនៅក្នុងបណ្ដាញចូរអោយគេ
ទាំងអស់គ្នាបានដឹងអំពីយុទ្ធនាការនេះផង ហើយខ្ញុំក៏ដូចជាមនុស្សដទៃដែលគាំទ្រយុទ្ធ
នាការនេះសង្ឃឹមថា Joseph Kony នឹងត្រូវបានគេចាប់បានក្នុងឆ្នាំនេះ...។
ការពន្យល់របស់ខ្ញុំនេះពុំមែនជាបទវិចារណៈកថាអ្វីនោះទេ វាគ្រាន់តែជាអ្វីដែលខ្ញុំចង់
ចែករំលែក ហើយខ្ញុំគ្រាន់តែបកស្រាយវាក្នុងភាសាមួយដែលអ្នកទាំងអស់គ្នាអាចយល់
បានដោយងាយប៉ុណ្ណោះ តែប្រសិនបើអ្នកចង់ដឹងអោយបានច្បាស់ពីយុទ្ធនាការនេះ ខ្ញុំសំណូមពរអោយអ្នករាល់គ្នាចំណាយពេល ៣០នាទីដើម្បីទស្សនាភាពយន្តឯកសារ
ខាងក្រោមនេះ...៖
http://www.youtube.com/watch?v=BwN-WZjgrSQ
ដោយ៖ វង្ស វឌ្ឃនា និស្សិតសាលកវិទ្យាល័យជាតិគ្រប់គ្រង ជំនាញនីតិសាស្រ្ត
ខ្ញុំសូមអរគុណ Camnews ក្នុងការជួយសម្រួលដល់កាចែករំលែកគំនិតមួយនេះ