ក្រោយពីថ្ងៃដែលបងចាកចេញទៅ អូនត្រូវបានបាត់បង់ក្តីស្រលាញ់ពីបង ប៉ុន្តែអូនទទួលបានក្តីស្រលាញ់ច្រើនជាងមុនពីមនុស្សដែលនៅជុំវិញខ្លួន។

ក្រោយពីថ្ងៃបងចេញទៅ អូនស្រលាញ់ខ្លួនឯងច្រើនជាងមុនអូនមានពេលវេលាច្រើនជាងមុនដើម្បីគិតពីខ្លួនឯង សំរាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។អូនមិនបាននៅដល់យប់អាធ្រាត្រ ដើម្បីនិយាយរឿងលេងជាមួយបង គេងពីព្រលប់ជាងមុននិងក្រោកពីគេងពេលព្រះអាទិត្យរះ ដើម្បីបានស្គាល់នូវរឿងតូចៗស្តីពីជីវិតខាងក្រៅដែលកំពុងកើតឡើង រឿងដែលកាលពីមុនអូនតែងតែបោះបង់ រំលងចោល។អូនបានស្គាល់ពីការរៀនរស់ដោយខ្លួនឯង ក្នុងការប្រឈមមុខនឹងការលំបាកគ្រប់យ៉ាងក្នុងជីវិត។ដែលធ្វើឲ្យអូនបានដឹងថា បើទោះជារស់នៅម្នាក់ឯង ក៏អូនអាចនៅតែតស៊ូរស់បាន និងខិតខំធ្វើនូវអ្វីដែលល្អៗតាមតែអាចធ្វើទៅបាន។

/

ក្រោយថ្ងៃបងចេញទៅ អូនស្រលាញ់គ្រួសារច្រើនជាងមុនអូនបានឃើញកែវភ្នែកស្រងូតស្រងាត់ ព្រួយបារម្ភរបស់ម៉ាក់អូនពេលឃើញអូនកំពុងទុក្ខព្រួយ។តាមរយះនេះបានធ្វើឲ្យអូនដឹង ពីការស្រលាញ់ប៉ាម៉ាក់ច្រើនជាងមុន។ អូនបានយល់ពីសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ប៉ាអូន ពេលប៉ានិយាយថា: កូនស្រីប៉ាកុំកើតទុក្ខអី អ្នកដែលស្រលាញ់កូនស្មោះពិតប្រាកដ គេនឹងមិនធ្វើឲ្យកូនស្រីយំ និងឈឺចាប់ដូច្នេះឡើយ។ជំនួសឲ្យការទូរស័ព្ទ ផ្ញើសារទៅបង អូនទូរស័ព្ទទៅប៉ាម៉ាក់រៀងរាល់ថ្ងៃអូនបានស្គាល់ និងយល់យ៉ាងច្បាស់ពីអារម្មណ៍រង់ចាំ ដែលអូនធ្លាប់រង់ចាំបង។ ព្រោះដូច្នេះអូននឹងមិនធ្វើឲ្យប៉ាម៉ាក់ទន្ទឺងរង់ចាំអូនឡើយ។ អូននឹងទូរស័ព្ទ និងទៅលេងគាត់ដើម្បីទទួលបាននូវភាពកក់ក្តៅពីពួកគាត់ តាមដែលអាចធ្វើទៅបាន។ក្រោយថ្ងៃបងចេញទៅ អូនស្រលាញ់មិត្តភក្តិច្រើនជាងមុនបងអាចទុកអូនចោលឲ្យនៅកើតទុក្ខយំម្នាក់ឯងជារៀងរាល់យប់ ប៉ុន្តែមិត្តភក្តិអូន គឺជាអ្នកកំដរអូនរាល់យប់ និងលួងអូនឲ្យឈប់យំ។ បងបានយកក្តីស្រលាញ់របស់បងទៅឲ្យមនុស្សស្រីផ្សេង ឯអូនទទួលបានមកវិញនូវសេចក្តីស្រលាញ់ដ៏កក់ក្តៅ ច្រើនជាងក្តីស្រលាញ់ដែលបងធ្លាប់បានប្រគល់ជូនអូន។

/

បងអាចប្រលែងដៃអូនចោលម្នាក់ឯងនៅលើដងផ្លូវ ចំណែកមិត្តភក្តិគឺជាអ្នកដែលចាប់ដៃអូនដើរទៅផ្លូវមួយផ្សេងទៀត។ ក្រោយថ្ងៃបងចាកចេញទៅ អូនបានបាត់បង់ក្តីស្រលាញ់ពីបងប៉ុន្តែអូនទទួលបានក្តីស្រលាញ់ច្រើនជាងមុន ពីមនុស្សនៅជុំវិញខ្លួនអូន។

ដូច្នេះគួរដល់ពេលអូនត្រូវក្រោកឈរវិញហើយ។ វាគ្មានអ្វីត្រូវព្រួយបន្តទៀតឡើយ បើមេឃនៅតែមានពណ៌ខៀវ ថ្ងៃនៅតែមានពន្លឺពណ៌មាស ពពកនៅតែហោះ ហើយអូននៅមានការស្រលាញ់ និងទទួលការស្រលាញ់ជារៀងរាល់ថ្ងៃនោះ។

តាមរយះអត្ថបទខាងលើនេះដែរ Camnews ក៏សូមផ្ញើជាសារដាស់តឿនដល់មិត្តនារីៗ ដែលកំពុងជួបការបោះបង់ចោលពីអ្នកដែលខ្លួនស្រលាញ់ ហើយកំពុងតែផ្តេកផ្តួលវាសនារបស់ខ្លួនឲ្យធ្លាក់ចូលទីងងឹតមួយដ៏សែនជ្រៅ សូមភ្ញាក់ខ្លួនឡើងវិញ ហើយគិតសារជាថ្មី។ សូមចងចាំថាបើសិនជាគេពិតជាស្រលាញ់យើង តើគេចាកចោលពីយើង ទុកឲ្យយើងយំសោក និងឈឺចាប់ដូច្នេះរឺ? តើមានប្រយោជន៍អ្វីទៅក្នុងការធ្វើបាបខ្លួន ទន្ទឹងរង់ចាំមនុស្សដែលចាកចោលយើងគ្មានស្តាយស្រណោះសូម្បីបន្តិចនោះ? សូមគ្រវែងចោលក្តីស្រលាញ់ក្លែងក្លាយនោះចោលទៅ កុំអោបក្រសោបវាទុកធ្វើអ្វី។ វាគ្មាតំលៃសំរាប់ឲ្យយើងថែរក្សាវាទុកឡើយ។ ត្រូវដឹងថា មានមនុស្សដទៃផ្សេងដែលនៅជុំវិញខ្លួនយើង រង់ចាំ និងផ្តល់ក្តីស្រលាញ់ពិតដល់យើង (ប៉ាម៉ាក់ បងប្អូន មិត្តភក្តិ...) ។ ដូច្នេះត្រូវក្រោកឈរឡើងវិញ ធ្វើនូវអ្វីល្អៗសំរាប់ខ្លួនឯងគ្រួសារ មិត្តភក្តិ ព្រោះអ្នកមិនមែននៅឯកាឡើយ។ ត្រូវធ្វើឲ្យគេដឹងថា បើទោះជាគ្មានគេ យើងក៏នៅតែអាចរស់បាន និងរកសេចក្តីសុខសំរាប់ជីវិតបាន នេះទើបជាមនុស្សស្រីម្នាក់ដ៏អស្ចារ្យនិងគួរឲ្យកោតសរសើរ៕

ដោយ៖ សិលាប្រភព៖ k14