បើទោះបីជាទីភ្នាក់ងារអវកាស ណាសា និងរដ្ឋាភិបាលអាមេរិក បានអះអាងយ៉ាងប្រាកដថាថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ នឹងមិនមែនជាថ្ងៃឆេះកប្ប ក៏ដោយ ប៉ុន្ដែ ការព្រួយបារម្ភដែលកើតឡើងដោយសារប្រតិទិនរបស់ជនជាតិ ម៉ាយ៉ា នៅតែមានចំពោះមនុស្សជាច្រើនក្នុងពិភពលោក។
តាមការពិត ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២ គឺគ្រាន់តែជាថ្ងៃមួយដែលប្រាប់អំពីការបញ្ចប់នៃកម្រងប្រតិទិនដែលមានរយៈពេល ៥១២៥ឆ្នាំ របស់ជនជាតិ ម៉ាយ៉ា តែប៉ុណ្ណោះ។ កាលពីមិនទាន់ត្រូវបានបកស្រាយច្បាស់លាស់ ក្រុមអ្នកស្រាវជ្រាវមួយចំនួន បានយល់ថា ប្រតិទិននេះ បង្ហាញពីថ្ងៃទី២១ធ្នូ គឺជាថ្ងៃដែលផែនដីនឹងត្រូវបានកំទេច ប្រការនេះបានធ្វើឱ្យមនុស្សជាច្រើនយល់ថា ការវិនាសរបស់ផែនដីនឹងមានប្រាកដ ខណៈដែលនៅសល់តែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ថ្ងៃទី ២១ធ្នូ នឹងមកដល់។

ថ្វីបើដឹងប្រាកដថា ថ្ងៃឆេះកប្ប នឹងមិនកើតមាននៅថ្ងៃទី ២១ធ្នូខាងមុខ ក៏ដោយ ប៉ុន្ដែអាជ្ញាធរនៃប្រទេសធំៗមួយចំនួន ក៏បានបញ្ចេញសកម្មភាព ត្រៀមទប់ទល់នឹងហេតុការណ៍ដែលអាចកើតមាននៅក្នុងថ្ងៃដែលមនុស្សជ្រុលនិយមមួយចំនួនតូចយល់ថា ជាថ្ងៃ ឆេះកប្ប នោះ។
យ៉ាងណាក្ដី អាជ្ញាធរនៃប្រទេសអង់គ្លេស បានអំពាវនាវសូមឱ្យប្រជាជនបំពាក់ឧបករណ៍រាយការណ៍ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានឡើង និងផ្ដោតអារម្មណ៍ខណៈដែលកំពុងបើកបរនៅតាមដងផ្លូវជាដើម មុនថ្ងៃទី ២១ធ្នូ មកដល់។ ក្រៅពីនេះ កងកម្លាំងពន្លត់អគ្គីភ័យអង់គ្លេស ក៏បាន ប្រកាសថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់បំផុតដែលអាចកើតឡើង។ នេះគឺជាការអំពាវនាវ និងជាការអះអាងមួយ ជួយឱ្យប្រជាជនរបស់អង់គ្លេស មានទំនុកចិត្តចំពោះសុវត្ថិភាពរបស់ពួកគេ។
ខណៈនេះដែរ រដ្ឋាភិបាលរុស្ស៊ី និងចិន បានទទួលរបាយការណ៍ស្ដីពីការកើនឡើង នៃតម្រូវការមួយចំនួនរបស់ប្រជាជន ក្នុងនោះមានទៀន និងសម្ភារៈសំខាន់ៗ ដោយសារតែប្រជាជនភ័យខ្លាចថ្ងៃទី ២១ធ្នូ។ ប៉ុន្ដែ អ្នកវិភាគនិយាយថា វាជារឿងធម្មតានោះទេ ដោយសារតែនេះជារដូវបុណ្យណូអែល។
ចំណែកនៅអាមេរិកវិញ ក្រុមមន្ដ្រីមានសមត្ថកិច្ច បានទទួលរបាយការណ៍ថា ទីកន្លែងដែលគេបានអះអាងថា ជាកន្លែងមានសុវត្ថិភាពបំផុតសម្រាប់ថ្ងៃ ឆេះកប្ប នោះ ក៏មានការកើនឡើងយ៉ាងច្រើនផងដែរ។
រីឯ ប្រទេសបារាំង អាជ្ញាធរក្រុងប៉ារីស ក៏បានចេញបញ្ជាឱ្យបិទច្រកទៅកាន់ភ្នំ Bugarach ដែលជាកន្លែងមួយ ត្រូវគេយល់ថា មានសុវត្ថិភាពបំផុត សម្រាប់ថ្ងៃទី ២១ធ្នូ។ អាជ្ញាធរក្រុងនេះ បានបកស្រាយថា ការបិទនេះគឺដើម្បីចៀសវាងក្រុមមនុស្សជ្រុលនិយមទាំងឡាយដែលពួកគេអាចនឹងមកប្រមូលផ្ដុំគ្នានៅទីនេះ៕
ដោយ ៖ សីហាប្រភព ៖ Zing