នៅក្នុងព្រឹត្តិការណ៍ MWC 2015 ក្រុមអ្នកបច្ចេកវិទ្យានឹងបានឃើញជាលើកដំបូងនូវស្មាតហ្វូនពិសេសរបស់ Kyocera (អាមេរិក) ដែលមានសមត្ថភាពទាញយកថាមពលពីពន្លឺព្រះអាទិត្យ។

ថាមពលតែងតែជាបញ្ហាដែលត្រូវបានគេយកចិត្តទុកដាក់បំផុតក្នុងវិស័យឧបករណ៍បច្ចេកវិទ្យា។ មុននេះធ្លាប់មានគំនិតជាច្រើនទាក់ទិននឹងការប្រើប្រាស់ថាមពលព្រះអាទិត្យមកធ្វើជាថាមពលសម្រាប់ទូរស័ព្ទ ប៉ុន្តែ មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនទូរស័ព្ទណាមួយបានបំពាក់បច្ចេកវិទ្យានេះនៅឡើយ។
យ៉ាងនេះក្ដី នៅក្នុងព្រឹត្តិការណ៍ MWC 2015 ក្រុមអ្នកបច្ចេកវិទ្យានឹងបានឃើញជាលើកដំបូង នូវ ម៉ូដែលស្មាតហ្វូនពិសេសដែលមានសមត្ថភាពទាញយកថាមពលពីពន្លឺព្រះអាទិត្យមកធ្វើជាថាមពលទូរស័ព្ទ។ ស្មាតហ្វូននេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kyocera (អាមេរិក)។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះ panel ពិសេសឈ្មោះ Wysips Crystal ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន SunPartner។ នេះគឺជាការរួមផ្សំរវាងបច្ចេកវិទ្យាពន្លឺ និងបច្ចេកវិទ្យាអុបទិច។ ផ្នែកខាងមុខរបស់ស្មាតហ្វូន ត្រូវបានបំពាក់ឧបករណ៍មហាស្ដើង មានមុខងារស្រូបយកពន្លឺនៅជុំវិញ ដើម្បីបម្លែងទៅជាថាមពលសម្រាប់ទូរស័ព្ទ។

ប៉ុន្តែគួរឱ្យស្ដាយ ព័ត៌មានលំអិតនានាទាក់ទិននឹងទូរស័ព្ទ ក៏ដូចជាបច្ចេកវិទ្យាថ្មីរបស់ Kyocera មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។ ប្រភពព័ត៌មាន ឱ្យដឹងថា ក្រុមហ៊ុន SunPartner កំពុងតែបន្តដោះស្រាយបញ្ហាមួយចំនួន ដូចជា ការធានាឱ្យបាននូវភាពរលូននៃអេក្រង់ដែលស្ថិតនៅពីលើផ្ទាំងស្រូបពន្លឺ Wysips Crystal បើទោះវាត្រូវហាលថ្ងៃ។ បញ្ហាមួយចំនួនទៀត ដូចជាបញ្ហាក្ដៅម៉ាស៊ីន ឬបញ្ហាប្រែប្រួល/ខូចរូបរាងដោយសារកំដៅជាដើម ក៏កំពុងត្រូវបានពិសោធរកដំណោះស្រាយ។

ម៉ូដែលស្មាតហ្វូនពិសេសនេះ ត្រូវបានបង្កើតឡើងដោយយោងទៅលើកំណែចាស់ គឺកំពូលស្មាតហ្វូន Kyocera Rorque។ សង្ឃឹមថា ស្មាតហ្វូនពិសេសនេះ នឹងមានវត្តមានក្នុងទីផ្សារនាពេលដ៏ខ្លីខាងមុខ ជួយឱ្យអ្នកប្រើប្រាស់ លែងព្រួយបារម្ភអំពីបញ្ហាអស់ថ្ម។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena/slashgear