ស្មាតហ្វូន iPhone 5 Refurbished (ស្មាតហ្វូនថ្មី ដែលត្រូវបានគេកែលំអឡើងវិញ ក្រោយរកឃើញបញ្ហា) របស់ Apple ទាំងអស់ ដែលនឹងត្រូវបានដាក់លក់ក្នុងលើកនេះ សុទ្ធតែកំណែអន្តរជាំតិ និងបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ពី Apple ។
ឆាប់ៗខាងមុខនេះ អ្នកស្រឡាញ់ iPhone ប៉ុន្ដែ មិនទាន់មានឱកាសទិញ iPhone 6 នឹងអាចទិញ iPhone 5 ដែលបានឆ្លងកាត់ការកែលំអ ក្នុងតម្លៃទាបបំផុត។ នេះគឺជាកម្មវិធីដាក់លក់ របស់ផ្សារអនឡាញ eBay ។
យោងតាមព័ត៌មានដែលត្រូវបាន eBay ចេញផ្សាយ អតិថិជន នឹងត្រូវចំណាយត្រឹមតែ ២៤០ដុល្លារ អាមេរិកប៉ុណ្ណោះ នឹងទទួលបាន iPhone 5 Refurbished ១គ្រឿង។ ស្មាតហ្វូនទាំងនេះ មានអង្គចងចាំក្នុង ១៦GB។ ចំណែកកំណែ ៣២GB អ្នកប្រើប្រាស់នឹងត្រូវចំណាយ ២៧០ដុល្លារ។
អ្នកបញ្ជាទិញទាំងអស់ នឹងទទួលបានទំនិញនៅក្នុងអំឡុងពេល ចាប់ពីថ្ងៃទី ៩ធ្នូ ដល់ទី ២២ធ្នូ ឆ្នាំ ២០១៤។ ទន្ទឹមនឹង iPhone 5 ស្មាតហ្វូន iPhone 4S refurbished ក៏កំពុងត្រូវបានគេដាក់លក់ ក្នុងតម្លៃ ប្រហែល ១៥០ដុល្លារអាមេរិក។
Refurbished គឺជាឈ្មោះរួមមួយ សំដៅលើទំនិញដែលត្រូវបានក្រុមហ៊ុនផលិត ប្រមូលមកវិញ ក្រោយពីរកឃើញមានបញ្ហា ហើយបន្ទាប់មក ផលិតផលទាំងនេះ ត្រូវបានភាគីក្រុមហ៊ុនជួសជុល កែលំអ រួចបញ្ចេញលក់ទៅក្នុងទីផ្សារ។ បើធៀបទៅនឹងផលិតផលថ្មី អតិថិជនដែលទិញទំនិញ Refurbished នឹងមិនទទួលបានការធានា ប្ដូរថ្មី ដូច្នេះហើយ តម្លៃរបស់ផលិតផល Refurbished តែងតែមានតម្លៃទាបជាងផលិតផលធម្មតា៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gottabemobile