ប្រហែលជាមុនៗនេះ អ្នកក៏ធ្លាប់បានសាកល្បងពាក់ស្បែកជើងប្រភេទកែងចោតដែលមានបាតស្មើដើម្បីលើកកម្ពស់របស់ខ្លួន ដោយសារតែវាមានលក្ខណៈស្រស់ស្អាតម្យ៉ាង ហើយ ស័ក្ដិសមជាមួយនិងនារីដែលមានរាងមិនខ្ពស់ប៉ុន្មាន។ ប៉ុន្ដែ អ្នកក៏មិនទាន់បានដឹងច្បាស់ថាក្រៅពីជួយលើកកម្ពស់ ស្បែកជើងកែងខ្ពស់បាតស្មើនេះក៏អាចជួយធ្វើឱ្យសម្រស់របស់អ្នក បានស្រស់ស្អាតថែមមួយកម្រិតទៀត។ជាមួយនិងស្បែកជើងប្រភេទកែងខ្ពស់បាតស្មើនេះ អ្នកនឹងងាយស្រួលក្នុងការប្រើប្រាស់រួមផ្សំនឹងខោអាវនានាសម្រាប់រដូវក្ដៅ ពិសេសគឺឈុតខោខ្លី denim ឬខោខ្លីពណ៌ខ្មៅ រួមនិងអាវគ្មានដៃគ្រប់ប្រភេទ។ នារីវ័យក្មេងដ៏ស្រស់ស្អាត គឺ នាង Hena Zhou បានបង្ហាញអំពីការរួមផ្សំក្នុងការប្រើប្រាស់ខោអាវចំនួន ៣ប្រភេទ ដែលអាចស្លៀកពាក់ជាមួយស្បែកជើងកែងបាតស្មើនេះ។ ជាការពិត ប្រសិនអ្នកចង់បានឈុតសម្លៀកបំពាក់មួយដែលសាមញ្ញ ប៉ុន្ដែប្រកបដោយភាពទាក់ទាញ សម្រាប់ការដើរកំសាន្ដក្នុងក្រុង ឬតំបន់ផ្សារទំនើប ក្នុងរដូវក្ដៅ ល្អបំផុត គឺត្រូវប្រើស្បែកជើងកែងខ្ពស់ដែលមានបាតស្មើ ជាមួយនិងអាវយឺតគ្មានដៃ ខោរឹបខ្លី មួក និងកាបូបស្ពាយតូច វានឹងបង្កើតបានជាឈុតសម្លៀកបំពាក់ដ៏អស្ចារ្យ ជួយឱ្យដំណើរកំសាន្ដ ឬ ការដើរផ្សាររបស់អ្នកត្រូវគេចាប់អារម្មណ៍ច្រើន។ ដោយឡែក នៅក្នុងហាងកាហ្វេ ឬភោជនិយដ្ឋានធំៗ គេតែងឃើញនារីទាំងឡាយស្លៀកពាក់យ៉ាងស្រស់ប្រណិតប្រកបដោយភាពថ្លៃថ្នូ ចំណែកអ្នកក៏ជានារីដែលតែងតែចូលហាងកាហ្វេឬភោជនិយដ្ឋានធំៗដើម្បីញ៉ាំអាហារ ពិភាក្សាការងារ ឬជួបជុំមិត្តភ័ក្រជាញឹកញាប់។ ដូច្នេះ ដើម្បីបានលេចធ្លោជាងគេ និងបង្កការយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញ ជម្រើស ដ៏ល្អរបស់អ្នកគឺការប្រើប្រាស់ស្បែកជើងកែងខ្ពស់បាតស្មើ បូកនិងអាវដៃខ្លី ខោខៅប៊ោយខ្លីត្រឹមគល់ភ្លៅ និងកាបូបស្ពាយតូចបែបទេសចរណ៍ ដែលមានពណ៌ប្រហាក់ប្រហែលគ្នា។ បែបនេះ អ្នកនឹងក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍របស់ហ្វូងមនុស្សមិនខាន។ក្រៅពីខោខ្លី អាវគ្មានដៃ ស្បែកជើងកែងខ្ពស់បាតស្មើនេះ ក៏អាចប្រើប្រាស់បានជាមួយនិងខោអាវ ឬមួកប្រភេទផ្សេងៗ និងពណ៌ផ្សេងៗ ដូចជាខោវែង ឬអាវដៃខ្លី ដែលមានពណ៌ស៊ីគ្នាជាមួយនិងពណ៌របស់ស្បែកជើង ផងដែរ។

/

/

/

/

/

ដោយ ៖ តារាប្រភព ៖ K14/ Hena