ទន្ទឹមនឹងស្មាតហ្វូនដែលត្រូវបានគេយកចិត្តទុកដាក់បំផុត ក្នុងពិភពលោក គឺ iPhone 6 នៅកូរ៉េខាងជើងឯណោះវិញ ស្មាតហ្វូនតែមួយគត់ ដែលត្រូវបានរដ្ឋាភិបាលទទួលស្គាល់ មានឈ្មោះថា Pyongyang Touch។

/

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ធ្វើទស្សនកិច្ចរោងចក្រផលិតស្មាតហ្វូនរបស់ប្រទេសនេះ។ ប៉ុន្ដែ ប្រភពខ្លះថា នេះគ្រាន់តែជាស្មាតហ្វូនដែលនាំចូលពីប្រទេសចិនតែប៉ុណ្ណោះ។ (រូប ៖ Reuters)

 

រដ្ឋាភិបាលកូរ៉េខាងជើង បានបញ្ចេញស្មាតហ្វូនមួយម៉ូដែល កាលពីឆ្នាំ ២០១៣ ដែលមានឈ្មោះថា Arirang ។ ផលិតផលនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android ដែលត្រូវបានគេកែសម្រួលស៊ីជម្រៅ។ កំណែថ្មីរបស់ Arirang មានឈ្មោះថា Pyongyang Touch មានច្រើនពណ៌ និងមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹង iPhone 3G ។

/

នៅកូរ៉េខាងជើង អ្នកប្រើប្រាស់ មិនត្រូវបានអនុញ្ញាតឱ្យប្រើអ៊ីនធឺរណែតនោះទេ ប៉ុន្ដែអាចប្រើប្រព័ន្ធ Intranet (ផ្ទៃក្នុង) ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ប្រព័ន្ធ 3G នៅកូរ៉េខាងជើង ក៏ទើបតែត្រូវបានទទួលស្គាល់ កាលពីឆ្នាំ ២០១៣។ iPhone ត្រូវបានគេហាមមិនឱ្យលក់នៅ ក្នុងប្រទេសកូរ៉េខាងជើង ទៅតាមការដាក់ទណ្ឌកម្មអន្តរជាតិ។ យ៉ាងនេះក្ដី បើទោះជាត្រូវបានអនុញ្ញាត គេក៏មិនសង្ឃឹមថា iPhone នឹងត្រូវបានរដ្ឋាភិបាលទទួលស្គាល់នោះដែរ។

/

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផលិតទូរស័ព្ទ Arirang កាលពីឆ្នាំទៅ មេដឹកនាំ Kim Jong Un បានសរសើរមិនដាច់ពីមាត់ ចំពោះកម្មករនៅទីនេះថា “ពិតជាមានការច្នៃប្រឌិតខ្ពស់ និងស្រឡាញ់ប្រទេសជាតិ”។ Kim Jong Un ថ្លែងថា ៖ “ពិតជាអស្ចារ្យខ្លាំងណាស់ នៅពេលបាន ឃើញទូរស័ព្ទដែលត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាក្នុងស្រុក”។

/

ទោះយ៉ាងណាក៏ដោយ ទំព័រ blog មួយរបស់ជប៉ុន អះអាងថា បណ្ដាស្មាតហ្វូនដែលនិយាយខាងលើ គឺសុទ្ធតែជាផលិតផលដែលនាំចូលពីប្រទេសចិន។ មកដល់ពេលនេះ គេមិនទាន់ដឹងថា ស្មាតហ្វូនខាងលើនេះ មានប៉ុន្មានគ្រឿងនោះទេ ប៉ុន្ដែ គេអាចជឿបានថា ស្មាតហ្វូនទាំងនេះ ជា ផលិតផលសម្រាប់តែវណ្ណៈខ្ពស់នៃប្រទេសកូរ៉េខាងជើង តែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ businessinsider/nknews