បណ្ដាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបំលាស់ឱ្យ Apple ឱ្យដឹងថា ពួកគេកំពុងបង្កើនផលិតកម្ម ទាក់ទិននឹងគ្រឿងបំលាសសម្រាប់ iPad កំណែថ្មី ដែលមានអេក្រង់ 9.7 inch ។

/

ប្រភពព័ត៌មានពីបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបំលាសសម្រាប់ iPad ឱ្យដឹងថា  iPad Air 2 នឹងមានរូបរាងស្ដើងជាង ធៀបនឹងកំណែមុន។ iPad Air 2 មានអេក្រង់ទំហំ 9.7 inch រីសូលូសឹន 2048 x 1536 pixel ។ ទាំង​នេះគឺជាព័ត៌មានដែលបានមកពី TPK និង GIS ជាក្រុមហ៊ុនពីរ ក្នុង​ចំណោមក្រុមហ៊ុនដែលត្រូវបានការយល់ព្រមពី Apple ក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងបំលាស សម្រាប់ iPad Air 2 ។

ក្រៅពីព័ត៌មានខាងលើ សារព័ត៌មានមួយចំនួន ក៏បានចុះផ្សាយ ដោយយោងទៅតាមព័ត៌មានបែកធ្លាយ បាន​ឱ្យដឹងដែរថា iPad Air 2 នឹងប្រើប្រាស់ Ram 2GB មានបំពាក់បច្ចេកវិទ្យាស្កេនក្រយៅដៃ Touch ID ដែលអាចដូចទៅនឹង iPhone 6 ដែលនឹងបង្ហាញខ្លួននាប៉ុន្មានថ្ងៃខាងមុខ។

/

គួរបញ្ជាក់ថា ទីផ្សារ ថេប្លេត កំពុងតែជួបការលំបាកច្រើន មូលហេតុសំខាន់ គឺដោយសារតែមានការវាយលុកខ្លាំងពីស្មាតហ្វូនអេក្រង់ធំៗ ពិសេសគឺពួក ហ្វាប្លេត ក៏កាន់តែដណ្ដើមចំណែកនៃទីផ្សារពី ថេប្លេត។ ម្យ៉ាងទៀត “ជីវិត” របស់ ថេប្លេតនាបច្ចុប្បន្ន គឺមានរយៈពេលយូរជាង បើធៀបនឹងថេប្លេតជំនាន់មុនៗ និងបណ្ដាស្មាតហ្វូនអេក្រង់ធំ (ហ្វាប្លេត)។

/

នៅថ្ងៃទី ៩កញ្ញាខាងមុខ Apple នឹងប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយ សម្រាប់ឧទ្ទេសនាមផលិតផលថ្មីរបស់ខ្លួន ប៉ុន្ដែ ការដែល iPad Air 2 និង iPad mini បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ គឺជារឿងដែលពិបាកនឹងកើតឡើង។ តាមការវិភាគរបស់ក្រុមអ្នកជំនាញ iPad Air 2 និង iPad mini អាចបង្ហាញវត្តមាននៅក្នុងខែតុលា ឬយូរជាងនេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Digitimes/Bgr