ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា សត្វដំរីកម្រោលចូលមួយក្បាលកំពុងតែត្រូវតាមប្រមាញ់សម្លាប់ចោល បន្ទាប់វាបានធ្វើអោយមនុស្ស៤ នាក់ស្លាប់បាត់បង់ជីវិត។

គួរបញ្ជាក់ផងដែរថា នាពេលមួយនោះ សត្វដំរីកម្រោលចូលមានចិត្តខឹងខ្លាំងមួយក្បាលនេះ បានដើរសម្រុកចូលក្នុងផ្ទះប្រជាពលរដ្ឋ នៅភូមិ Gardi village ជិតឧទ្យានធម្មជាតិ Chitwan ប្រទេសនេប៉ាល់ ដោយធ្វើការចាប់គ្រវែងប្តីប្រពន្ធមួយគូចេញពីលើគ្រែ និងដើរជាន់រហូតទាល់តែស្លាប់បាត់បង់ជីវិតស្របពេលដែលអំឡុងបីខែមុននេះ ដំរីមួយក្បាលនេះក៏បានសម្លាប់អ្នកភូមិពីរនាក់ផ្សេងទៀតផងដែរ។
ដោយឡែក មកទល់នឹងពេលនេះ បើយោងតាមសម្តីលោក Shiva Ram Gelal ជាជំនួយការផ្ទាល់ផ្នែករដ្ឋបាល មកពី Bharatpur បានបញ្ជាក់អោយដឹងថា វាកំពុងតែត្រូវបានតាមប្រមាញ់សម្លាប់ចោល ស្របពេលដែលវាបានបង្កជាហានិភ័យខ្ពស់ សំរាប់ការរស់រានមានជីវិត របស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា គ្រាន់តែនៅក្នុងប្រទេសនេប៉ាល់ ដំរីមានដល់ទៅ ៣០០ ក្បាល ស្របពេលដែលវាត្រូវបានប្រើក្នុងការដឹកភ្ញៀវទេសចរណ៍កំសាន្តតាមឧទ្យានធម្មជាតិ និង ព្រៃភ្នំជាដើម៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ