សិង្ហបុរី ៖ មានរឿងគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងនាព្រឹកព្រលឹមថ្ងៃ អង្គារ នេះ ហើយបានសម្លាប់មនុស្សម្នាក់ និង ២៥ នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារតែរថយន្តធន់ធំពីរគ្រឿងបានបើកបុកគ្នា ខណៈពេលដែលបើកបញ្រ្ជាសទិសគ្នា។
បើតាមប្រភពពត៌មានបានអោយដឹងថា ក្រុមភ្នាក់ងារប៉ូលីសបានដឹងហេតុការណ៏នេះ បន្ទាប់ពីមានអ្នកធ្វើដំណើរមា្នក់បានធ្វើសេចក្តីរាយការណ៏នាម៉ោង ៦ ព្រឹក។ ភ្នាក់ងារប៉ូលីសក៏បានបញ្ចាក់ថា ពួកគេបានទៅដល់កន្លែងកើតហេតុភា្លមៗ បន្ទាប់ពីទទួលបានដំណឹងនោះ នៅពេលដែលពួកគេបានទៅដល់ ក៏បានឃើញហេតុការណ៏គួរអោយរន្ធត់់ ដែលបណ្តាលមកពីរថយន្ត ដឹកអ្នកដំណើរធំៗ ពីរបានបុកគ្នាស្របពេលដែលឡានទាំងពីរបើកបញ្ច្រាសទិសគ្នា។
ទិដ្ឋភាពក្រោយកើតឧបទ្ទេវហេតុ
គួរបញ្ជាក់ផងដែរថា ពួកគាត់បានចំណាយពេលដល់ទៅ ២០ នាទីក្នុងការជួយសង្រ្គោះជីវិតបុរសម្នាក់ដែលគាត់បានកៀបជាប់និងរថយន្ត។ក្រោយពីចេញប្រតិបត្តិការណ៏ក្នុងការជួយសង្រ្គោះ បើតាមសម្តីរបស់មន្រ្តីប៉ូលីសម្នាក់បានដឹងថា មានជនរងគ្រោះដល់ទៅ ២៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរនោះ ហើយមានបុរសម្នាក់បានអះអាងថាស្លាប់ បើយោងទៅតាមគេហទំព័រសារពត៌មាន Channelnewsasia បានអោយដឹងថា បុរសម្នាក់ដែលបានស្លាប់នោះ គឺជាជនជាតិ ឥណ្ឌា។ បើនិយាយពីមូលហេតុ ដែលបណ្តាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៏នេះ មិនទាន់បានដឹងច្បាស់នៅឡើយទេ គឺកំពុងស្ថិតនៅក្នុងការស៊ីបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ channelnewsasia